ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់សាធារណជន មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួន ដែលបានធ្វើវិញ្ញាសាក្លែងក្លាយគ្រប់មុខវិជ្ជា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានាដើមខែសីហាខាមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា បច្ចុប្បន្ននេះមានជនខិលខូចមួយចំនួនបានធ្វើវិញ្ញាសាគ្រប់មុខវិជ្ជាសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយភូតកុហកថា ជាវិញ្ញាសាបែកធ្លាយមុនពេលប្រឡង ក្នុងគោលបំណងលក់ឬចែកចាយ ដើម្បីរកប្រាក់ចំណេញ។ ការប្រព្រឹត្តអំពើទាំងនេះមានលក្ខណៈផ្ទុយនឹងច្បាប់ជាធរមាន ដូចនេះក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការថ្កោលទោសចំពោះជនដែលបានប្រព្រឹត្តអំពើល្មើសបែបនេះ។
ទន្ទឹមនឹងនេះ ក្រសួងសង្កេតឃើញថា មានការបើកបង្រៀនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយប្រើទម្រង់វិញ្ញាសា ដែលមានលក្ខណៈប្រហាក់ប្រហែល ឬដូច គ្នាទៅនឹងវិញ្ញាសា ដែលធ្លាប់បានចេញក្នុងពេលប្រឡងកន្លងមក ដែលទង្វើនេះបង្កឲ្យមានការភាន់ច្រឡំពីគ្រប់មជ្ឈដ្ឋាន និងសាធារណជនថា មានការបែកធ្លាយវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សាធារណជន មាតាបិតា ឬអាណា ព្យាបាល និងសិស្សានុសិស្សទាំងអស់ មេត្តាប្រុងប្រយ័ត្នកុំឲ្យមានការភាន់ច្រឡំ ឬចាញ់បោក ការផ្សព្វផ្សាយរបស់ជនឆ្លៀតឱកាស ដើម្បីកេងរកផលចំណេញក្នុងសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនេះឲ្យសោះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០១៤ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន៩៣ ៤៥៦ នាក់ និងមានមណ្ឌលប្រឡងចំនួន១៥៤មណ្ឌល ចែកចេញជា៣ ៧៧៩បន្ទប់នៅទូទាំងប្រ ទេសកម្ពុជា។
ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំមុនមានការថយចុះ ដោយនៅឆ្នាំមុនក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ កន្លះគឺនៅថ្ងៃទី៥ ទី៦ ទី៧ ខែសីហា ឆ្នាំ២០១៣ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១០៧ ៨៣៥ នាក់ និងមានមណ្ឌលប្រឡងចំនួន២៣៤មណ្ឌល ចែកចេញជា៣ ៤៩០បន្ទប់។ សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកាត់បន្ថយការប្រឡងមករយៈពេលពីរថ្ងៃ វិញ ដោយសារតែក្រសួងបានកាត់បន្ថយវិញ្ញាសាប្រឡងពី១០មុខវិជ្ជាមកត្រឹម៧មុខវិជ្ជាវិញ៕
មតិយោបល់