ព័ត៌មានជាតិ

យី​ង​ឡាក់ រង​ការចោទប្រកាន់​ពី​បទ​រំលោភ​អំណាច​

​គណៈកម្មការ​បោះឆ្នោត (EC) របស់​ប្រទេស​ថៃ កំពុង​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី លោក ស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ពី​បទ​រំលោភ​អំណាច​តាមរយៈ​ការប្រើប្រាស់​មូលនិធិ​សាធារណៈ​ដើម្បី​ធ្វើ​យុទ្ធនាការ​សម្រាប់​ការបោះឆ្នោត​។​

​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ដកស្រង់​សម្តី​ប្រភព​ថ្នាក់ខ្ពស់​មួយ​នៅ EC ដែល​និយាយថា ពួក​អ្នក​ស៊ើបអង្កេត EC បាន​ចោទប្រកាន់​ថា លោកស្រី យី​ង​ឡាក់ ព្រម​ជាមួយ​អតីតរដ្ឋមន្ត្រី​គណៈ​រដ្ឋ មន្ត្រី​៨​រូប​ទៀត ព្រមទាំង​មេ​ប៉ូលិស​ថ្នាក់​ជាតិ បាន​រំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៧ ដែល​បាន ទុក​ជា​មោឃៈ​រួចស្រេច​ទៅហើយនោះ តាមរយៈ​ការធ្វើដំណើរ​នៅ​ទូទាំង​ប្រទេស​នៅ​មុន​ការបោះឆ្នោត​ទូទៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ដែល​ក្រោយមក​ត្រូវបាន ទុក​ជាមោ​ឃៈនោះ ។​

​នេះ​គឺជា​ការចោទប្រកាន់​ថ្មី​មួយ​ប្រឆាំងនឹង​លោក​ស្រី យី​ង​ឡាក់ បន្ទាប់​ពី​ករណី ដែល​មាន​ទ្រង់ទ្រាយ​ខ្ពស់ ដែល​ក្នុងនោះ​គណៈកម្មការ​ប្រឆាំង​អំពើ ពុករលួយ​ថ្នាក់ជាតិ (NACC) បាន​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​ពី​បទ​ធ្វេសប្រហែស​ភារកិច្ច ក្នុង​ការត្រួតពិនិត្យ​មើល​គម្រោង​សន្យា​ស្រូវ ដែល មានរឿង​ចម្រូងចម្រាស​មួយ ។​

NACC​បាន​បញ្ជូន​ករណី​នេះ​ទៅឱ្យ​ការិយាល័យ​អគ្គមេធាវី សម្រាប់​ធ្វើ​ការចោទប្រកាន់ ។ ប្រសិនបើ​រក​ឃើញ​កំហុស លោកស្រី​អាច​ប្រឈមមុខ នឹង ការ​ជាប់ពន្ធនាគារ ក៏ដូចជា​ហាមប្រាម​មិនឱ្យ​ធ្វើ​នយោបាយ​មួយ​រយៈពេល​៥​ឆ្នាំ ។​

​តាម​ប្រភព​នោះ​បាន​ឱ្យដឹងថា ការធ្វើ​ដំណើរ​ដែល EC បាន​នឹង​កំពុង​ធ្វើ​ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង​នៅពេល​ដែល​លោកស្រី យី​ង​ឡាក់ និង គណៈរដ្ឋមន្ត្រី​លោកស្រី​ស្ថិតនៅ​ក្នុង​ឋានៈ​ជា អ្នក​ចាំ​ផ្ទះ បន្ទាប់​ពី​ការរំលាយ​សភា​តំណាង​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ឆ្នាំ ២០១៣ ។​

​ប្រភព​បាន​និយាយថា ការធ្វើ​ដំណើរ​នោះ​បាន​រំលោភ​លើ​ផ្នែក ១៨១ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា គណៈរដ្ឋមន្ត្រី​ដែល​ចេញពី​តំណែង​ត្រូវ​ឈប់ លែង​ប្រើប្រាស់​ធនធាន​ឬ​បុគ្គលិក​របស់​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​មួយ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ទូទៅ​មួយ​។​

​ប្រភព​នោះ​បាន​និយាយ​បន្ថែម​ថា អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទាំងអស់ នឹងត្រូវ​គេ​ហៅ​ឱ្យ ទៅ​ការពារ​ខ្លួន​ពួក​គេ​នៅ​ចំពោះមុខ​គណៈកម្មការ​ស៊ើប អង្កេត​របស់ EC ដែល​ត្រូវ​រង់ចាំ​សកម្មភាព ថែម​ទៀត​នោះ ៕
ying Luck

មតិយោបល់