កំពង់ឆ្នាំង៖កុមារីអាយុ២ឆ្នាំម្នាក់បានស្លាប់ដោយសារសត្វឪម៉ាល់ទិចនិងប្តីប្រពន្ធកូន៤នាក់ទៀតត្រូវបាន ដឹកមកសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យខេត្ត បន្ទាប់ពីពួកគេបានបើកកាណូតទៅនេសាទត្រីក្នុងព្រៃបុកសំបុកឪម៉ាល់ធំមួយ។ហេតុការណ៍នេះបានកើតឡើង នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នៅចំណុចព្រៃស្វាយទា ក្នុងភូមិសាស្ត្រ ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង។
ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ឈ្មោះ វៀង យាំងអ៊ុក អាយុ២៦ឆ្នាំ ជាប្តីក្រុមគ្រួសារជនរងគ្រោះរស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖មុនពេលកើតហេតុក្រុមគ្រួសារគាត់មានគ្នា៥នាក់ ប្តីប្រពន្ធនិងកូនតូចៗ៣នាក់ បាននាំគ្នាចេញទៅដាក់មងនៅចំណុចខាងលើ ក្នុងពេលនោះបានបើកកាណូតបុកសំបុកឪម៉ាល់ក្នុងព្រៃរាំងមួយដោយមិនដឹងខ្លួនធ្វើអោយសត្វឪម៉ាល់រាប់រយមេបានមកទិចពួកគាត់ទាំង៥នាក់នៅលើកាណូត។បន្ទាប់មកគាត់បានបើកកាណូតចេញពីកន្លែងកើតហេតុ យ៉ាងលំបាក សំដៅមកលំនៅដ្ឋានវិញ ពេលមកដល់ពាក់កណ្តាលផ្លូវកូនស្រីតូចជាងគឈ្មោះ
វៀង ធីវ៉ា អាយុ២ឆ្នាំបានស្លាប់ ដោយសារកាណូតគាត់តូចនិងមានផ្លូវឆ្ងាយផងនោះ ទើបគាត់មកដល់មន្ទីរពេទ្យខេត្តនៅវេលាម៉ោង៨យប់។
នៅក្នុងអាគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្ត គេពិនិត្យឃើញស្ត្រីឈ្មោះ វៀង ធី អាន់ អាយុ២៣ឆ្នាំជាម្តាយ, កុមារីឈ្មោះ វៀង ធីញុង អាយុ៧ឆ្នាំ និងកុមារា ឈ្មោះ វៀង យាំងធី អាយុ៥ឆ្នាំ ជាកូនៗដែលត្រូវសត្វឪម៉ាល់ទិចជាច្រើនមេ រងគ្រោះធ្ងន់ធ្ងរត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតជាបន្ទាន់យ៉ាងយកចិត្តទុកដាក់។
នេះជាករណីទី២ហើយដែលមនុស្ស២នាក់ បានស្លាប់ (កុមារាអាយុ១១ឆ្នាំម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី១៣មុននេះ១ថ្ងៃ) និង៤នាក់ទៀតរងគ្រោះដោយសារសត្វឪម៉ាល់ទិចនៅក្នុងសប្តាហ៍នេះ និងសូមបញ្ជាក់ថា កាលពីឆ្នាំមុននៅក្នុងខេត្តកំពង់ឆ្នាំងក៏មានមនុស្ស៣នាក់ផ្សេងទៀតត្រូវបានស្លាប់ដោយសារសត្វឪម៉ាល់ទិចផងដែរ។
លោកប្រធានមន្ទីរពេទ្យខេត្តសូមអំពាវនាវថា៖បើមានក្រុមគ្រួសារត្រូវសត្វមានពិសទិច ខាំ ឬចឹក សូមក្រុមគ្រួសារបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តអោយបានលឿនបំផុត និងទាន់ពេលវេលា ទើបគ្រូពេទ្យខេត្តអាចជួយចាក់ថ្នាំបន្សាបសង្គ្រោះជីវិតបាន បើយឺតយ៉ាវទុកអោយហួសពេលយូរ គ្រូពេទ្យពិតជាបាកនឹងជួយសង្គ្រោះជីវិតណាស់៕
មតិយោបល់