ភ្នំពេញ៖ បន្ទាប់ពីផ្អាក ប្រារព្វព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ អស់រយៈពេល ៣ឆ្នាំកន្លងមក នៅឆ្នាំនេះ នឹងត្រូវប្រារព្ធឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ កឹម គុណវឌ្ឍន៍ អគ្គនាយកស្ថាននីយទូរទស្សន៍ជាតិកម្ពុជា (ទទក) ហើយដែលជាសមាជិកគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។
នៅលើទំព័រ Facebook ដែលត្រូវបានគេបញ្ជាក់ថាជារបស់លោក កឹម គុណវឌ្ឍន៍ បានបង្ហោះសារថា «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំ ២០១៤ ប្រព្រឹត្តទៅរយ:ពេល ៣ ថ្ងៃ គឺត្រូវនឹងថ្ងៃទី ៥ ទី៦ និងទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង»។
ព្រមជាមួយគ្នានោះ ក៏មានបញ្ជាក់ថា នៅតាមខេត្ត រាជធានី ក្រុង ត្រូវធ្វើការហ្វឹកហាត់ និងជ្រើសរើសទូកង ទូកចែវ ណាដែលមានចំណុះចាប់ពី១៨ ខ្ទង់ឡើងទៅ មានល្បឿនលឿន និងមានលក្ខណ:សមស្របសម្រាប់ត្រៀមចូលរួមប្រកួត។
គួរបញ្ជាក់ផងដែរថា ប្រារព្វព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ ២០១១ មក ក្រោយពេលដែលមានហេតុការរត់ជាន់គ្នានៅស្ពានកោះពេជ្រ និងនៅឆ្នាំ ២០១២ ផ្អាកដោយសារតែកាន់ទុក្ខព្រះមហាវិរក្សត្រយាងចូលទិវង្គ ចំណែកនៅឆ្នាំ ២០១៣ ដោយសារតែទឹកជំនន់៕
មតិយោបល់