ទីក្រុងម៉ាឌ្រីដ៖ អនាគត ខ្សែបម្រើស្លាប Angel Di Maria បានស្ថិតនៅក្នុងដៃរបស់គាត់ផ្ទាល់ បន្ទាប់ពីអ្នកគ្រប់គ្រង Real Madrid លោក Carlo Ancelotti បានអះអាងថា ខ្សែបម្រើស្លាបរូបនេះ បានសួរគាត់ ដោយចង់ចាកចេញពី ម្ចាស់ជើងឯកអឺរ៉ុប ។
កីឡាករសញ្ជាតិអាហ្សង់ទីន បានជួយប្រទេសរបស់ខ្លួន ឲ្យឈានចូលវគ្គ ផ្តាច់ព្រ័ត្រ សម្រាប់ព្រឹត្តិការណ៍ 2014 World Cup នៅប្រេស៊ីល ដោយពេលនេះមានក្លិបពីរ តាមប្រមាញ់ យ៉ាងខ្លាំង ក្នុងនោះគឺ បិសាចក្រហម និង ក្លិយយក្សបារាំង PSG សម្រាប់ទីផ្សារផ្ទេរកីឡាករកំពុងដំណើរការនៅឡើយ។
កីឡាករ Angel Di Maria បានមកដល់ ពហុកីឡដ្ឋាន Bernabeu នៅខែ កក្កដា ឆ្នាំ ២០១០ ពី ក្លិប Benfica ហើយកុងត្រារបស់ខ្លួន នឹងបញ្ចប់រហូតដល់ឆ្នាំ ២០១៨ ។
ការទិញយកខ្សែបម្រើ James Rodriguez របស់លោក Ancelotti បានគំរាមកំហែងដល់តំណែងលេងរបស់ Angel Di Maria សម្រាប់យុទ្ធនាការលេង រដូវកាលថ្មី ។
អ្នកយុទ្ធសាស្ត្រទីលាន សញ្ជាតិអ៊ីតាលី បានប្រាប់ដល់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បត្តិ៍នេះថា “កីឡាករ សញ្ជាតិអាហ្សង់ទីន ចង់បញ្ចប់ការលេងនៅ Real Madrid ដោយផ្ទេរទៅកាន់ក្លិបផ្សេងទៀត ដោយគាត់បានសួរខ្ញុំថា គាត់ចង់ចាកចេញ ខណៈដែលមានបញ្ហាបន្តិចបន្តួច ជាមួយនឹងការរៀបចំទម្រង់លេង និងកីឡាករចំណូលថ្មី តែបើសិនជាយើងចង់ឲ្យគាត់នៅបន្ត លុះត្រាតែដោះស្រាយបញ្ហាមួយចំនួន នោះគាត់នឹងបន្តធ្វើការជាមួយនឹងយើងដោយគ្មានបញ្ហា” ។
បញ្ជាក់ផងដែរថា សម្រាប់ Angel Di Maria ត្រូវបានក្លិប បិសាចក្រហម Manchester United ស្នើសុំទិញ ក្នុងតម្លៃ ១៧០ លានដុល្លារ ៕
មតិយោបល់