ព័ត៌មានជាតិ

នាយក​វិទ្យាល័យ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​សំដែង​ការព្រួយបារម្ភ​ចំពោះ​សិស្ស​ដែល​ធ្លាក់​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​នេះ​មិន​ទាន់​មក​ចុះឈ្មោះ​ចូលរៀន​ត្រៀមប្រឡង​លើក​ទី​២

កំពង់ឆ្នាំង​៖​ ​សម័យ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ទូទាំង​ប្រទេស​លើក​ទី​២ នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៤​ខាងមុខនេះ តែ​អ្វី​ដែល​ធ្វើអោយ​លោក​នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត និង​លោក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​មាន​ការព្រួយបារម្ភ​នោះ គឺ​ចំនួន​សិស្ស​ដែល​បាន​មក​ចុះឈ្មោះ​រៀន​ត្រៀមប្រឡង​លើក​ទី​២ គឺ​នៅ​មាន​ចំនួន​តិច​នៅឡើយ​។​

​លោក អឿ ម៉េង​ចុង នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​បានអោយដឹងថា​៖​ចាប់ពី​ថ្ងៃ​ទី​១០​និង​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ លោកនាយក​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​តាម​វិទ្យុ មួយចំនួន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ទាក់ទង​នឹង ការរៀន​ត្រៀមប្រឡង​លើក​ទី​២​របស់​សិស្ស ដែល​បាន​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​ទុតិយភូមិ​ក្នុងឆ្នាំនេះ​។​ក៍​ប៉ុន្តែ​ក្នុង​រយៈពេល​២​ថ្ងៃនេះ មាន​
​សិស្ស​ចំនួន​៤​នាក់ តែប៉ុណ្ណោះ​ដែល​បាន​មក​ចុះឈ្មោះ​ចូលរៀន នៅពេល​ដែល​សិស្ស​ចំនួន ២៧៤​នាក់​ទៀត​មិន​ឃើញ​មក​ចុះឈ្មោះ ចូលរៀន​នៅ​ឡើយ (​សូមបញ្ជាក់​ថា​៖​សិស្ស​ត្រូវ ប្រឡង​ទាំងអស់​មាន​ចំនួន​៤៦៧​នាក់ ហើយ​បាន​ប្រឡង​ជាប់​ចំនួន​១៨៩​នាក់​ស្រី​១១៥​នាក់​គឺ​ស្មើនឹង​៤០,៤៧% ក្នុង​នោះ​សិស្ស​ម្នាក់​បាន​ជាប់​និទ្ទេស A គឺ​យុវ​សិស្ស​ឈ្មោះ ចាន់ ពិ​ចិត្រ និង​សិស្ស​បាន​ជាប់​និទ្ទេស B មាន​ចំនួន​៦​នាក់ ក្នុងនោះ​ក៏​ស្រី​១​នាក់​ផង​ដែរ​)​។​

​លោក​បាន​បន្តថា​៖​តាម​គោលការណ៍​ក្រសួង​អប់រំ ទី​១.​តំរូវ​អោយ​នាយក​វិទ្យាល័យ​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់ អោយ​មក​ចុះឈ្មោះ​ចូលរៀន មុខវិជ្ជា​ចំនួន​៤​ឡើងវិញ​ដោយ​ឥតគិតថ្លៃ ក្នុងនោះ​មាន​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​។​ទី​២.​ធ្វើការ​ផ្សព្វផ្សាយ​អោយ​លោកគ្រូ​អ្នកគ្រូ ដែល​គាត់​បាន​បង្ហាត់​គួរ​នៅតាម​ផ្ទះ គឺ​មិន​តំរូវ​អោយ​យក​ថ្លៃ​លើសពី​ថ្លៃ​ធ្លាប់​បង្ហាត់គួ​ធម្មតា​នោះ​ទេ​។​

​ ​ទាក់ទង​ទៅនឹង​រឿង​ដែល​មិន​មាន​សិស្ស​មក​ចុះ​ឈ្មោះ​ច្រើន ចូលរៀន​ក្នុង​វគ្គ​បំប៉ន នេះ លោកនាយក​បាន​និយាយ​អោយដឹងថា​៖​មក​ពី​សិស្ស​មួយចំនួន​បាន​បង់​ថ្លៃ​សិក្សា​លើ មុខវិជ្ជា​ទាំង​៤​នេះ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​បង្ហាត់គួ​ក្រៅ​ម៉ោង​រួច​ហើយ ចំណែក​សិស្ស​មួយ ចំនួន​ទៀត អាច​មិនទាន់​ដឹង​នូវ​ព័ត៌មាន​ដែល​ជា​គោលការណ៍​របស់​ក្រសួង​អប់រំ​។​

​ ​ក្នុង​រឿង​នេះ​លោក អឿ ម៉េង​ចុង ក៍​បាន​សំណូមពរ​ដល់​អ្នក​យក​ព័ត៌យើង មេត្តា​ជួយ​អំពាវនាវ​បន្ថែម​ដល់​សិស្ស​គ្រប់​វិទ្យាល័យ​ទាំងអស់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​សិស្ស​ក្នុង​វិទ្យាល័យ​សុរា​ម្រឹត​តែម្តង គឺ​ត្រូវតែ​រូតរះ​នាំគ្នា​ទៅ​ចុះ​ឈ្មោះ​នៅតាម​វិទ្យាល័យ របស់ខ្លួន ដើម្បី​បាន​ចូលរៀន​វគ្គ​បំប៉ន​និង​ទទួលបាន​ឯកសា​រលើ​មុខវិជ្ជា​ទាំង​៤​ខាងលើ​ដោយ​ឥត​គិត ថ្លៃ​និង​ម្យ៉ាង​អាច​កាត់បន្ថយ​ថវិកា​របស់​ឪពុក​ម្តាយ នៅក្នុង​ការចំណាយ​ទៅ​រៀន​គួជា​មួយ គ្រូ​ក្រៅ​ម៉ោង​សិក្សា​៕

2014-09-15_203206

មតិយោបល់