ព័ត៌មានជាតិ

លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទន្លេ​និង​សួរសុខទុក្ខ​អ្នក​ជម្ងឺ​នៅក្នុង​មណ្ឌល​សុខភាព​ឃុំ​ព្រៃគ្រី​

​កំពង់ឆ្នាំង​៖​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ទឹកជំនន់​ទន្លេ​និង​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ លោក ឈូរ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ដឹកនាំ​មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ចុះទៅ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​មូលដ្ឋាន​ក្នុង​ស្រុក​ជល​គី​រី និង​បាន​ចូល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជា​អ្នក​ជម្ងឺ​នៅក្នុង​មណ្ឌល​សុខភាព​ឃុំ​ព្រៃគ្រី​។​

​ ​លោក ឈូរ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​មានប្រសាសន៍​អោយដឹងថា​៖​តាម​របាយការណ៍​របស់​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត អោយដឹងថា​កំពស់​ទឹកទន្លេ​នៅ​ស្ថានីយ៍ឧតុនិយម​ផ្សារ​ក្រោម​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ទឹកទន្លេ​មាន​កំពស់​៩,០៦​ម៉ែត្រ​ស្មើ​និង​កំពស់​ទឹក​កាលពី​ថ្ងៃ​ម្សិលមិញ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​និង​រយះពេល​ដូចគ្នា កំពស់​ទឹក​នៅ​ឆ្នាំ​២០១៣ គឺ​ខ្ពស់ជាង​០,២៩​ម៉ែត្រ​តែ​ប៉ុណ្ណោះ ។​ស្ថានភាព​ទឹកទន្លេ​នេះ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មាន​ក្ដី​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ខ្លាច​ទឹកទន្លេ​ឡើង​តូច ដោយ​មូលហេតុ​ថា អាងទឹក​មួយចំនួន ទឹកទន្លេ​មិន​ទាន់​ហូរ​ចូល​ពេញ សំរាប់​ធានា​ដល់​ការស្រោចស្រព​ស្រូវ​រដូវប្រាំង​និង​ដំណាំ​ក្នុង​ចំការ​របស់​ពួក​គាត់​នៅ​ពេល​រដូវ​សម្រក​ខាងមុខ​។​

​ ​ក្រោយពី​បាន​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​រួចមក​លោក​អភិបាលខេត្ត​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ​ចំនួន​៥​នាក់ នៅក្នុង​មណ្ឌល​សុខភាព​ឃុំ​ព្រៃគ្រី​នៅក្នុង​នោះ​ដែរ លោក​អភិបាលខេត្ត​បាន​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ជម្ងឺ ក្នុង​អ្នក​ជម្ងឺ​ម្នាក់ៗ​ទទួលបាន​ប្រាក់​ចំនួន ២​ម៉ឺន​រៀល​។​ទន្ទឹម​នេះ​ដែរ​លោក​អភិបាលខេត្ត បាន​ចុះទៅពិនិត្យ​ការសាងសង់​អាគារ​ថ្មី​មួយ​ខ្នង​របស់​មណ្ឌល​សុខភាព​ឃុំ​ព្រៃគ្រី​។​

​ ​លោក ប្រាក់ វុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ការសាងសង់​អាគារ​មណ្ឌល​សុខភាព​ឃុំ​ព្រៃគ្រី ជាមួយ​អភិបាលខេត្ត​បាន​និយាយ​អោយដឹងថា​៖​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​មណ្ឌល​សុខភាព​សរុប​ចំនួន​៣៩​មណ្ឌល មាន​មន្ទីរពេទ្យ​បង្អែក​៣​កន្លែង និង​មាន​មន្ទី​ពេទ្យ​ធំ​របស់​ខេត្ត​១​កន្លែង ។​ដោយឡែក​នៅក្នុង​ស្រុក​ជ​ល​គី​រី​មាន​មណ្ឌល​សុខភាព​ចំនួន​៣​កន្លែង និង​មាន​បុគ្គលិក​ពេទ្យ​ចំនួន​២៣​នាក់​បំរើការ​នៅក្នុង​មណ្ឌល​សុខភាព​ទាំង​៣​។​ដោយ​ប្រ ជា​ពលរដ្ឋ​នៅក្នុង​ឃុំ​ព្រៃគ្រី​មានចំនួនច្រើន និង​ជា​ទីប្រជុំជន​ផង​នោះ ក្រសួង​សុខាភិបាល​បាន​ទម្លាក់​ថវិកា អោយ​មន្ទីរ​សុខាភិបាល​ខេត្ត សាងសង់​អាគារ​មណ្ឌល​សុខភាព​ថ្មី​នៅក្នុង​ឃុំ​ព្រៃគ្រី​១​កន្លែង​ទៀត ដែល​មាន​ទំហំ​៩​ម៉ែត្រ គុណ​និង​១២​ម៉ែត្រ ចំណែក​អាគារ​មណ្ឌល​សុខភាព​ចាស់​ដែល​នៅ​ជាប់​គ្នា​នោះ ត្រូវដាក់​ធ្វើ​ជា​បន្ទប់​សំរាប់​អោយ​អ្នក​ជម្ងឺ​សំរាក​ព្យាបាល​វិញ​។​

​ ​លោក​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​អោយដឹងទៀតថា​៖​រយះពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៤ នេះ​ស្ថានភាព​ជម្ងឺ​ទូទៅ និង​ជម្ងឺឆ្លង​នៅក្នុង​ខេត្ត ពុំ​មាន​អ្វី​កើតឡើង​គួរអោយកត់សំគាល់​ឡើយ នេះ​ក៏​ដោយសារ មន្ត្រី​សុខាភិបាល​នៅ​គ្រប់​ស្រុក​និង​គ្រប់​មណ្ឌល​សុខភាព​បាន​បំរើ​សេវាកម្ម​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​និង​ពុំ​មាន​បាតុភាព​អ្វី​ឡើយ​៕
2014-09-19_134727

មតិយោបល់