ព័ត៌មានជាតិ

ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​បង្ក្រាប​សំប៉ាន​លប​លួច​ដឹក​ឈើ​មួយគ្រឿង

​កំពង់ធំ​៖ សកម្មភាព​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ តាមរយះ​កាណូត និង​សំប៉ាន ឬ​តាម​កាណូត​ប៉ុក​ចាយ ត្រូវបាន​ចាប់ផ្តើម​កំរើក​សាជាថ្មី បន្ទាប់ពី​មាន​ដំណឹង​ថា រដ្ឋាភិបាល​បាន​អនុញ្ញាតិឲ្យ​មាន​ការសុំ​ច្បាប់​ដឹកឈើ ធ្វើ​ទូកងរ ទើប​មាន​ជន​ឆ្លៀត​ឱកាស​បាន​ក្លែងបន្លំ​ដឹកឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ តាម​បណ្តោយ​ស្ទឹងសែន តែ​សំណាង​អាក្រក់​ត្រូវបាន​ជាប់អន្ទាក់​មេព្រៃ​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ឆ្នាំ ២០១៤ វេលា​ម៉ោង ១១ មាន​កាណូត​សំប៉ាន​មួយ​គ្រឿង​បាន ដឹកឈើ​គគី​ពេញ តាម​ស្ទឹង​សែន លុះ​មកដល់​ចំនុច​ភូមិ​ស្នែងក្របី សង្កាត់​កំពង់​ក្រ​បៅ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ក៏​ត្រូវបាន​លោក តុង យី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដឹកនាំ​កំលាំងចម្រុះ​មាន កំលាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ ប៉ូលិស ប៉េ​អ៊ឹម និង​តំបន់សឹករង​កំពង់ធំ ក៏​ត្រូវបាន ស្ទាក់​ចាំ​ចាប់​ពេញ​មួយ​យប់​ទាល់​ភ្លឺ ដោយសារ​តែ​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ឈើ ពុំ​ព្រម​សម្របសម្រួល​តាម​ការ ស្នើរ​សុំ​របស់​សមត្ថកិច្ច​ជំនាញ ដោយ​អះអាង​ថា មេ​របស់​គេ​ឈ្មោះ ចូច មិន​ឲ្យ​ឈប់​ជា​ដាច់ខាត លុះត្រាតែ​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ឲ្យ​ចាត់វិធានការ​តាម​ច្បាប់​ទើប ជនសង្ស័យ​ព្រម​ចូល​ច្រាំង លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច ធ្វើ​ការដឹកជញ្ជូន​យកទៅ​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​។​

​ប្រភព​ពត៌មាន​នៅ​កន្លែង​បង្ក្រាប​បទល្មើស ត្រូវ​បាន​ឲ្យដឹងថា កាណូត​សំប៉ាន​នេះ បាន​ដឹក​ចេញពី​ស្រុក​ត្បែង មានជ័យ ខេត្ត​ព្រះវិហារ បំ​រ៉ុង​និង​ឆ្លងកាត់​ខេត្ត​កំពង់ធំ ទៅ​ដាក់​សិប្បកម្ម​មួយកន្លែង​តែ​ត្រូវបាន សមត្ថកិច្ច​ឃាត់​ចាប់​ដោយ​សារ​គ្មាន​ច្បាប់​អនុញ្ញាតិ ខណៈពេលដែល​សមត្ថកិច្ច​ឃាត់​ភ្លាម ជនសង្ស័យ​ទាំង​៣​នាក់ បាន លោត​ចុះ​ពី​កាណូត​ហើយ​ដាក់​មេ​ប្រូច​បាត់ស្រមោល ។​

​លោក តុង យី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង បានឲ្យដឹងថា មុន​ឈានដល់​ការបង្ក្រាប​កាណូត​សំប៉ាន​នេះ លោក​បាន​ទទួល​ព័ត៌មាន​២​ថ្ងៃមុន ហើយ​បាន​ចាត់​កំលាំង​ឲ្យ​តាមឃ្លាំមើល លុះ​ពេល​ថ្ងៃ​ជនសង្ស័យ​បាន​ចូល ជ្រក លុះ​ពេល​យប់​ទើប​ក្រុម​រកស៊ី​បទល្មើស​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បន្ត ព្រមទាំង​បាន​ធ្វើឲ្យ​សំលេង​ម៉ាស៊ីន ស្ងាត់ស្ទើរ​ពុំ​ដឹង​ថា ជា​កាណូត​សំប៉ាន ដោយសារ​តែ​ក្រុម​ឈ្មួញ​បាន​បូមទឹក​បង្ហូរ​តាម​បំពង់​ស៊ី​ម៉ាំង​ដើម្បី​កាត់បន្ថយ​សំលេង លុះ​មកដល់​ជិត​គល់​ស្ពាន​កំពង់ធំ ក្រុម​ឈ្មួញ​ដឹងខ្លួន ក៏​ព្រម​ឈប់​ដោយ​គ្មាន​បទបញ្ជា​ពី​លោក ចូច ជា​ម្ចាស់ ទើប​សុំ​យោបល់​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ ដើម្បី​ឃាត់​កាណូត​សំប៉ាន​នេះ​៕
2014-09-29_080448
2014-09-29_080458

2014-09-29_080511

មតិយោបល់