ពាក្យចាស់ពោលថា អំពើល្អ គឺមិនសាបសូន្យឡើយ ពិតជាត្រឹមត្រូវមែន។ តួយ៉ាងដូចជាស្ដ្រីម្នាក់ដែលពេលនេះ គាត់ទទួលបានប្រាក់ចំនួន១៦៣.០០០ ដុល្លារ ដោយសារតែអំពើល្អរបស់គាត់ កាលពីជាង២០ឆ្នាំមុន ។
រឿងហេតុ នេះ គឺបានកើតឡើងកាល ពីឆ្នាំ១៩៩៣ ដែលស្ដ្រីម្នាក់មានឈ្មោះ ថា Dai Xingfen បានប្រទះឃើញ ក្មេង សុំទាន មិនមានផ្ទះសំបែងម្នាក់ ឈ្មោះ ថា He Rongfeng កាលណោះ គេមាន អាយុ១៧ឆ្នាំ នៅតាមផ្លូវហើយសភាព គេពេលនោះ គឺអត់ឃ្លាននិងទន់ខ្សោយ មែនទែន ។
ដោយសារតែ ទឹកចិត្ដអាណិតអាសូរ Dai ដែលកាលណោះ គាត់គឺជាម្ចាស់ ហាងមីមួយកន្លែង បានយកម្ហូបអាហារប្រគល់ទៅឱ្យក្មេងសុំទានម្នាក់នោះ ព្រមទាំងប្រគល់ប្រាក់មួយចំនួនដើម្បី ជាសោហ៊ុយឱ្យគេធ្វើដំណើរត្រឡប់ទៅ ស្រុកកំណើតវិញ ហើយជាពិសេសគាត់ បានផ្ដល់ដំបូន្មានឱ្យគេក្លាយជាមនុស្សល្អ ។
ក្រោយមក រឿងដែលមិននឹកស្មាន ដល់ក៏បានកើតឡើង ក្មេងដែលធ្លាប់ជា អ្នកសុំទាន ក៏បានក្លាយទៅជាមហាសេដ្ឋី ដ៏ជោគជ័យម្នាក់ ហើយរូបគេក៏នឹក ឃើញគុណរបស់ស្ដ្រីដែលជាម្ចាស់ហាង បានជួយដល់ខ្លួនកាលពី២១ឆ្នាំមុននិង បានតាមរកដើម្បីសងគុណ ។
លោក He បាននិយាយថា “ ប្រសិនបើគ្មានក្ដីសន្ដោសរបស់អ្នកស្រី Dai កាលពីថ្ងៃនោះទេ ខ្ញុំក៏មិនអាចក្លាយជា បែបនេះដែរ”។ គាត់បានបន្ថែមទៀតថា “ពេលនេះ ខ្ញុំរកគាត់ឃើញហើយ ដូច្នេះ ខ្ញុំក៏បានធ្វើស្លាកដឹងគុណមួយដែលអក្សរ សរសេរ នៅលើនោះថា គុណដ៏ធ្ងន់ ដែលភ្នំមួយសឹងមិនស្មើ សម្រាប់ជូន គាត់ និងប្រាក់មួយចំនួន ជាការតបស្នង សងគុណ”។
យ៉ាងណាមិញ អ្នកស្រី Dai ក៏បាន បញ្ជាក់ផងដែរថា “ខ្ញុំពិតជាមិនអាច ទទួលយកប្រាក់ដ៏ច្រើនរបស់គាត់បាន ឡើយ ព្រោះថាពេលនោះ ខ្ញុំជួយគាត់ក៏ មិនមែនដោយសារប្រាក់ដែរតែចំពោះ ស្លាកដឹងគុណ ខ្ញុំអាចទទួលយកបានព្រោះ វាពិតជាអស្ចារ្យមែនទែន”។ នេះគឺជារឿងមួយដែលទទួល បានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជាច្រើន ហើយក៏ជាភស្ដុតាងមួយសម្រាប់បញ្ជាក់ ថា អំពើល្អរមែងទទួលបានផលល្អមក វិញផងដែរ ។
ពាក់ព័ន្ធ ក្មេងប្រុសសុំទាននោះដូចគ្នានេះ នៅក្នុងខ្សែវីដេអូមួយ ដែលម្ដាយ ក្មេងប្រុសមានជំងឺ ក្មេងប្រុសរូបនោះ បានទៅទិញថ្នាំពេទ្យទាំងគ្មានលុយ ហើយ យកថ្នាំពេទ្យរត់ចេញត្រូវម្ចាស់ថ្នាំពេទ្យដេញចាប់ តែត្រូវបានបុរសម្នាក់និង កូនស្រីជួយចេញលុយថ្លៃថ្នាំដើម្បីព្យាបាល ម្ដាយ ។ លុះ២៥ឆ្នាំក្រោយមកក្មេងប្រុស នោះបានរៀនចប់ចេញធ្វើជាគ្រូពេទ្យ ហើយជួយព្យាបាលបុរសដែលធ្លាប់ចេញ លុយឱ្យរូបគេ ដោយមិនយកលុយឡើយ នេះហើយដែលគេហៅថា ធ្វើបុណ្យបានបុណ្យនោះ ៕
មតិយោបល់