ជារៀងរាល់ឆ្នាំ ទស្សនាវដ្ដី Forbes តែងតែជ្រើសរើសនូវនាយកប្រតិបត្តិដែលល្អឆ្នើមសម្រាប់ឡើងគម្របទស្សនាវដ្ដីរបស់ខ្លួន ហើយនៅឆ្នាំ ២០១៤ នេះគឺនៅមិនទាន់ដឹងថា នរណាម្នាក់មានសំណាងបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្ដីនោះទេ ប៉ុន្តែបើតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា Forbes កំពុងសម្រេចចិត្តជ្រើសរើសយកមួយក្នុងចំណោមលោក Tim Cook និងលោក John Chen។
ការជ្រើសរើសត្រូវមើលទៅលើសមត្ថភាព និងស្នាដៃប្រចាំឆ្នាំ ដើម្បីក្លាយជានាយកប្រតិបត្តិល្អឆ្នើម ដោយនៅក្នុងឆ្នាំនេះ លោក Tim Cook បានបង្ហាញសមិទ្ធិផលថ្មីប្លែកគឺ iPhone 6 និង Apple Pay ជាពិសេសនៅក្នុងឆ្នាំនេះ ភាគហ៊ុនរបស់ Apple បានកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំមុន។
រីឯលោក John Chen វិញ ជាមនុស្សតែម្នាក់គត់ដែលបានប្រែក្លាយជោគវេសនាក្រុមហ៊ុនផលិតទូរស័ព្ទកាណាដា BlackBerry ឲ្យមានរស្មីឡើងវិញ។ ដោយនៅក្នុងឆ្នាំ ២០១៤នេះ ភាគហ៊ុនរបស់ BlackBerry បានកើនឡើងជាង ៦០ភាគរយ ជាពិសេសបានជោគជ័យទៅលើកិច្ចទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផ្សេងៗ ដោយបានធ្វើឲ្យអ្នកវិនិយោគទុនមានចំណាប់អារម្មណ៍ ជាពិសេសបានធ្វើឲ្យប្រាក់ចំណូលកើនឡើង បើទោះបីជាមិនទាន់មានការចំណេញក្ដី ប៉ុន្តែបានកាត់បន្ថយការចំណាយ៕
មតិយោបល់