ព័ត៌មានជាតិ

ព្រមាន ពិន័យ​ជា​ប្រាក់​មួយ​លាន​រៀល និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន ដល់​គ្រូពេទ្យ​ម្នាក់​ដែល​គ្មាន​សញ្ញាបត្រ​វិជ្ជាជីវៈ និង​គ្មាន​ច្បាប់​អនុញ្ញាតិ​

សៀមរាប​៖ គ្រូពេទ្យ​ម្នាក់​ឈ្មោះ រ៉ុម សាត រស់នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​ពុំ​មាន​សញ្ញាបត្រ​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ និង​គ្មាន​ការអនុញ្ញាតិ​ច្បាប់​ពី​ស្ថាប័ន​ជំនាញ បច្ចុប្បន្ន​រស់នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាន​ក្រុមការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ចុះ​ទៅ​ធ្វើ​ការព្រមាន ពិន័យ​ជា​ប្រាក់​មួយ​លាន​រៀល និង​ធ្វើ​កិច្ចសន្យា​ឲ្យ​គ្រូពេទ្យ​រូបនោះ បញ្ឈប់​សកម្ម​របស់​ខ្លួន ក្នុង​ការផ្តល់​សេវា​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន តទៅទៀត បន្ទាប់ពី​មាន​ព្រឹត្តិ​ហេតុ​ទារិកា​ម្នាក់​ឈ្មោះ ថន សុ​ភី អាយុ ១​ខួប​កន្លះ ត្រូវ​បាត់បង់​ជីវិត បន្ទាប់​ពី​គ្រូពេទ្យ​ឈ្មោះ រ៉ុម សាត ចាក់​ថ្នាំ​១​ម្ជុល​ឲ្យ​ទារិកា​នោះ មុន​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅនេះ ។
ក្រុមការងារ​ចុះ​ទៅ​ធ្វើការ​ព្រមាន​ពិន័យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​របស់​គ្រូពេទ្យ​គ្មាន​សញ្ញាបត្រ​នោះ រួមមាន​លោក​វេជ្ជបណ្ឌិត ពិត ប្រាកដ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប និង​លោកស្រី លី វណ្ណៈ ប្រធាន​ការរិយាល័យ​ឱសថ ព្រមទាំង​មាន​វត្តមាន​សមត្ថកិច្ច​នគរបាល​ខេត្ត​និង មន្ត្រី​បុ​ស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ខ្វាវ ផងដែរ ។
បើ​តាម​ការ​ស្រាយ​បំភ្លឺ​របស់​អ្នក​មីង ថន ថុល អាយុ​៥៥​ឆ្នាំ ជា​ជីដូន​របស់​ទារិកា​រង​គ្រោះ​បានឲ្យដឹងថា នា​យប់​ទាបភ្លឺ​ថ្ងៃទី​១៣ ខែវិច្ឆិកា ចៅ​របស់​គាត់​ប្រកាច់​បញ្ឈ​ភ្នែក ហើយ​គាត់​ក៏​រក​អ្នក​ជិតខាង​ឲ្យជួយ​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ រ៉ុម សាត មក​ជួយ​ពិនិត្យ​ព្យាបាល ។ គ្រូពេទ្យ​មិន​ហ៊ាន​មក​ទាំង​យប់​ទេ លុះ​ភ្លឺ​ឡើង​ទើប​មកដល់ ។ ពេល​គ្រូពេទ្យ​ឃើញ​អការៈ​ជម្ងឺ​ទារិកា​នោះ គ្រូពេទ្យ​បដិសេធថា​មិន​ហ៊ាន​មើល​ទេ ពីព្រោះ​អាការៈ​អ្នកជម្ងឺ​ធ្ងន់ធ្ងរ​ណាស់ ហើយ​បង្ខំ​ឲ្យ​ជីដូន​ទារិកា​នោះ នាំ​យក​អ្នក​ជម្ងឺ​ទៅ​មណ្ឌល​សុខភាព ។ ជីដូន​ទារិការ​រងគ្រោះ​មិន​មាន​ប្រាក់​ឡើយ គ្រូពេទ្យ​ក៏​ជួយឧបត្ថម្ភ​២​ម៉ឺន​រៀល ។ ជីដូន​ទារិការ​រងគ្រោះ បាន​អង្វរ​ឲ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ និង ព្យួរ​សេរ៉ូម​ឲ្យ​ចៅ​គាត់ មុន​នឹង​នាំទៅ​មន្ទីរពេទ្យ ។ គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​ឲ្យ​មួយ​ម្ជុល​ដើម្បី​បន្ថយ​កំដៅ និង​ដោត​សេរ៉ូម​តាម​សំណូមពរ​របស់​ជីដូន​ទារិការ​រងគ្រោះ​នោះ តែ​សេរ៉ូម​នោះ​មិន​ទាន់​បង្ហូរ​ចូល​សាច់​ទេ ចាំ​ឡើងលើ​ម៉ូតូឌុប​សិន ប៉ុន្តែ​ជា​អ​កុស ទារិកា​នោះ មាន​អាការ​កាន់តែខ្លាំង គ្រូពេទ្យ​ក៏​ដក​ម្ជុល​សេរ៉ូម​ចេញ​វិញ ទារិការ​នោះ​ក៏​លាចាក​លោក ចោល​ជីដូន និង​ម្តាយ​ម៉េ​ម៉ា​យ នៅពេល​នោះ​តែម្តង ។
ចំណែក​ឯ​គ្រូពេទ្យ​គ្មាន​សញ្ញាបត្រ រ៉ុម សាត ក៏​បាន​សារភាព​ថា រូបគាត់​បាន​រៀន​ពេទ្យ តែ​ពុំ​មាន​សញ្ញាបត្រ​បញ្ជាក់​វិជ្ជាជីវៈ​ពេទ្យ​នោះទេ ។ ពីមុន​រូបគាត់​គ្រាន់តែ​ប្រើប្រាស់​ចំណេះ​ជំនាញ​ពេទ្យ​នោះ​តែ​ក្នុង​រង្វង់​គ្រួសារ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ តែ​ក្រោយមក​ដោយសារ​តែ​បងប្អូន​ឃើញ​ដឹង​ថា​គាត់​ចេះ​ចាក់​ថ្នាំ ព្យាបាល​ជម្ងឺ​នោះ បងប្អូន​ក្នុង​ភូមិ​ក៏​ចេះ​តែ​មាន​ការ​ពឹងពាក់​ត​រៀងមក ។ ក្រៅពីនេះ រាល់​ចម្លើយ​របស់​លោក រ៉ុម សាត គឺ​ស្រប​នឹង​ការរៀបរាប់​របស់​លោក​ស្រី ថន ថុល ជីដូន​ទារិការ​រងគ្រោះ​ទាំងអស់ ។​
លោកស្រី លី វណ្ណៈ ប្រធានការិយាល័យ​ឱសថ និង​ជា​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មាន​ភារកិច្ច​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ធ្វើ​ការព្រមាន​ចំពោះ​ករណី​ខាងលើ បានឲ្យដឹងថា បើ​តាម​ច្បាប់​របស់​ក្រសួង​សុខាភិបាល ស្តីអំពី ការគ្រប់គ្រង​សេវា​សុខាភិបាល​ឯកជន បានចែង​ថា អ្នក​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​នេះ គឺ​ត្រូវ​ទទួល​កាត​ព្រមាន ពិន័យ​ជា​ប្រាក់​ពី ១​លាន ដល់ ១០​លាន​រៀល និង​ត្រូវ​ទទួលទោស​ជាប់​ពន្ធនាគារ​ពី ១​ខែ ដល់​១​ឆ្នាំ ។ លោកស្រី​បាន​បញ្ជាក់ថា ករណី​យ​ខាងលើ លោក រ៉ុម សាត គឺ​បាន​ប្រព្រឹត្តិ​ខុសពី​ច្បាប់​របស់​ក្រសួង​សុខាភិបាល ដោយ​លោក រ៉ុម សាត បានធ្វើ​សកម្មភាព​ផ្តល់​សេវា​ព្យាបាល​ជម្ងឺ​ជូន​អតិថិជន ដោយ​ខ្លួន​ពុំ​មាន​សញ្ញាបត្រ​វិជ្ជាជីវៈ និង​គ្មាន​ច្បាប់​អនុញ្ញាតិ​ទៀតផង ។ លោកស្រី​បាន​បន្តថា ដោយសារ​តែ​ករណី​នេះ ត្រូវបាន​គ្រួសារ​ជនរងគ្រោះ ( លោកស្រី ថន ថុល ) បាន​និយាយថា ការចាក់​ថ្នាំ​របស់​គ្រូពេទ្យ​គឺ​ជា​សំណូមពរ​របស់​គាត់ ហើយ​លោក​ស្រី ថន ថុល ក៏​បាន​ទទួលស្គាល់​ដែរ ការបាត់បង់​ជីវិត​ចៅស្រី​របស់គាត់ គឺ​បណ្តាលមកពី​អាការៈ​ជម្ងឺ​របស់​ចៅ​ស្រីគាត់​ធ្ងន់ធ្ងរ​ពេក ដែល​មិន​អាច​ជួយសង្គ្រោះ​ទាន់​ពេលវេលា​បាន ។
លោក​វេជ្ជបណ្ឌិត ពិត ប្រាកដ បាន​លើកឡើង​ថា ករណី​យ​វត្ត​មាន​គ្រូពេទ្យ​គ្មាន​សញ្ញាបត្រ​វិជ្ជាជីវៈ​នៅតាម​បណ្តា​មូលដ្ឋាន កន្លងមក មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ធ្វើ​ការព្រមាន​និង​បញ្ឈប់​រាល់​សកម្ម​នោះ​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​នៅតែ​មាន​សេសសល់ និង​ផ្តល់​គ្រោះថ្នាក់​ដល់​ប្រជាជន ។
លោក​បាន​បញ្ចាក់​ដែរ​ថា សមត្ថកិច្ច​របស់​ជំនាញ​សុខាភិបាល​ក្នុងករណី​យ​ខាងលើនេះ គឺ​ការព្រមាន ពិន័យ​ជា​ប្រាក់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ក៏​ប៉ុន្តែ​ករណី​យ​បាត់បង់​ជីវិត​ទារិការ​រងគ្រោះ ដែល​ត្រូវ​ធ្វើ​ការអង្កេត​បន្ត​យ៉ាងណា​ទៀត​នោះ គឺជា​ភារកិច្ច​របស់​សមត្ថកិច្ច​នគរបាល ៕

2014-12-03_210849

មតិយោបល់