នៅប្រទេសកម្ពុជាគេតែងសង្កេតឃើញ នៅតាមកន្លែងសាធារណៈ និងតាមកញ្ចក់ទូរទស្សន៍ កាសែត ទស្សនាវត្តី និងតាមគេហទំព័រនានាជាច្រើនក្តី គឺមានការឃោសនាផ្សាយពាណិជ្ជកម្មផលិតផលស្រានិងប៊ីយ៉ែមិនតឹចជាង១០ប្រភេទទេ ដែល
ការផ្សាយពាណិជ្ជកម្មនេះ កំពុងតែពេញនិយមទាក់ទាញយុវជនគ្រប់ស្រទាប់វណ្ណៈ ដែលមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ។បច្ចុប្បន្ននេះ បើទោះបីជាមានការផ្សាយពាណិជ្ជកម្មស្រាបៀរយ៉ាងគគ្រឹកគគ្រេង បានកើតឡើងច្រើនយ៉ាងណាក្តី ប៉ុន្តែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយទប់ស្កាត់បញ្ហាគ្រឿងស្រវឹង ដោយចាត់វិធានការណ៍ចេញសារាចរណ៍ណែនាំប្រកាសជាសាធារណៈ ឲ្យបញ្ឈប់រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមកាសែត និងតាមកញ្ចក់ទូរទស្សន៍ក្តី ខណៈដែលការផ្សព្វផ្សាយគ្រឿងស្រវឹងបានកើតឡើងច្រើន ហើយមានមូលហេតុចំបងពីរដែលនាំឲ្យមានផលវិបាក ក្នុងការទទួលទាន់គ្រឿងស្រវឹង គឺទី១ អាចនាំឲ្យមនុស្សខូចសុខភាព ដូចជាការកើតមាននូវជំងឺផ្សេងៗ និងទី២ គឺអាចនាំឲ្យមនុស្សជួបគ្រោះថ្នាក់ចរាចរណ៍ ខ្វះការពិចារណាបង្កើតឲ្យមានអំពើហឹង្សា និងភាពក្រីក្រកើតឡើងជាដើម។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។
គ្រាន់តែលឺចំរៀងមួយបទដែលមានចំណងជើងថា «ឱបេះដួងខ្មែរ និងបទជាភាសារអង់គ្លេសមួយទៀតដែលបង្ហាញពីរូបមនុស្សប្រុសម្នាក់ និងស្ត្រីម្នាក់កាន់ដបស្រាបៀរ ហោះកាត់វេហារំលងផ្ទះ និងរម្យណីដ្ឋានជាច្រើនកន្លែងទៀត រឺឯការប្រើប្រាស់ពាក្យពេជច៍មួយចំនួនដូចជា តើអ្វីទៅជាបុរសពិត រស់ជាតិបែបអាឡឺម៉ង់ រួមទាំងកម្លាំងខ្លាំងដូចកីឡាកាស និងរស់ជាតិមានន័យជ្រៅផងនោះ ប្រជាពលរដ្ឋច្បាស់ជាដឹងប្រាកដថា ទាំងអស់នេះ គឺសុទ្ធតែជាការឃោសនាផ្សព្វផ្សាយផលិតផលស្រានិងស្រាបៀរ»។
ដើម្បីរក្សាបាននូវអតិថិជន ម្ចាស់អាជីវកម្មបានខិតខំរិះរកវិធីតាមរូបភាពផ្សេងៗ ដូចជាការផ្សាយពាណិជ្ជកម្មផ្តល់អត្ថប្រយោជន៍ជូនអតិថិជន ដូចជាការអុចបណ្ណ័ផ្សងសំណាង ការបញ្ចុះតម្លៃ ការផ្តល់រង្វាន់ជូនជាមាសសុទ្ធ ទូរសព្ទ័ដៃទំនើបៗ ម៉ូតូ និងរថយន្តទំនើបមួយគ្រឿងផងដែរ ដើម្បីធ្វើការប្រគួតប្រជែង។ អតិថិជន ភាគច្រើនដែលស្ថិតនៅក្នុងស្រទាប់យុវ័យចង់ដឹងនិងចង់សាកល្បង បាននាំគ្នាទិញបៀរយ៉ែផឹក ខណៈដែលតម្លៃស្រាវបៀរត្រូវបានចុះថោក និងគាស់ត្រូវរង្វាន់ជាទឹកប្រាក់រឺទទួលបានជារង្វាន់ស្រាបៀរ១កំប៉ុងផងដែរ។
ត្រង់ចំណុចនេះលោកវេជ្ជបណ្ឌិត មុំ គង់ បានបន្ថែមដែរថា បច្ចុប្បន្ននេះ ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរកំពុងតែកើតមានច្រើននៅប្រទេសកម្ពុជា បើទោះបីជារដ្ឋាភិបាលចេញសារាចរណ៍ណែនាំមិនឲ្យមានការផ្សព្វផ្សាយឃោសនានៅតាមកញ្ចក់ទូរទស្សន៍យ៉ាងណាក៏ដោយ។ លោកបន្តថា សុរាអាចធ្វើឲ្យអ្នកផឹក មានជំងឺឈឺថ្លើម ក្រិនថ្លើម ជំងឺមហារីកសួត មហារីកក្រពះ ហើយអាចប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃប្រសិនបើស្ត្រីជាម្តាយមានការប្រើប្រាស់នូវគ្រឿងស្រវឹងនោះ។ លោកបញ្ជាក់ថា៖«ខ្ញុំរំពឹងថាច្បាប់គ្រឿងស្រវឹងនិងត្រូវរដ្ឋសភាអនុម័តក្នុងពេលឆាប់ៗនេះ»។
ភាគច្រើនការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែងបង្កឡើងដោយសារកត្តាមនុស្ស កត្តាបរិស្ថាន និងកត្តាផ្លូវថ្នល់។ ជាការកត់សំគាល់ថ្មីមួយ ពីក្រុមមន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍បានឲ្យដឹងថា កត្តាមនុស្សគឺជាមូលហេតុចំបងមុនគេដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះមនុស្សជាអ្នកបើកបរមិនគោរពច្បាប់ មនុស្សជាបើកបរលើសល្បឿន មនុស្សក៍ជាបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយមនុស្សក៍ជាអ្នកបើកបរមិនចេះអត់អោនយោគយល់គ្នាដែរ។ នេះបើតាមលោកសុខ ណុប អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃ។
បើតាមលោកសុខ ណុប បានបញ្ជាក់ដែរថា ក្នុងអំឡុង១ទសវត្សរ៍ចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេចាត់ទុកថាជាមច្ចុរាជមួយគួរឲ្យ ភ័យខ្លាចជាងជំងឺអេដស៍ទៅទៀត ដោយមានអត្រាមនុស្សស្លាប់យ៉ាងហោចណាស់៥នាក់ក្នុងមួយថ្ងៃ។
គួរឲ្យកត់សម្គាល់ថា គិតត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០១៤នេះ អត្រាមរណៈប្រជាពលរដ្ឋខ្មែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺខ្ពស់ជាងគេបើធៀបជាមួយបញ្ហាស្លាប់ដោយសារគ្រាប់មីន និង បញ្ហា ជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៍។ ក្នុងនោះនៅឆ្នាំ២០១៣កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បាន ផ្តាច់ ជីវិតអ្នកដំណើរលើដងវិថី១.៩៥០នាក់ និង ១៤.២២៧នាក់ផ្សេងទៀតបានរងរបួស។ ហើយក្នុងឆ្នាំ២០១៣កន្លងទៅ ក៏បានធ្វើឲ្យរដ្ឋខាតបង់ថវិកាយ៉ាងធំធេងផងដែរ គឺខាតបង់រហូតដល់ទៅ៣៣៧លានដុល្លារអាម៉េរិក។នេះបើតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ។ លោកសុខ ណុបបានបញ្ជាក់ថា៖«ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍១៣៧លើកគេបានរកឃើញថា ករណីបើកល្មើសល្បឿនមាន៤៣% និងករណីបង្កឡើងដោយគ្រឿងស្រវឹងមានប្រមាណ១២% ដែលអត្រានេះខុសគ្នាទៅនិងមូលហេតុផ្សេងៗទៀត ដែលមានត្រឹម១ទៅ៣%តែប៉ុណ្ណោះ»។
ឆ្លើយតបនិងបញ្ហាខាងលើនេះ កន្លងមកមន្ត្រីរដ្ឋាភិបាលកម្ពុជានិងស្ថាបន័ជាដៃគូរ បានយកចិត្តទុកដាក់នៅក្នុងការបង្កើតគោលនយោបាយជាតិគ្រប់គ្រងគ្រឿងស្រវឹងដើម្បីទប់ស្កាត់ភាពអសកម្មទាំងឡាយ ដែលបង្កឡើងដោយគ្រឿងស្រវឹង។
បើយោងតាមការសិក្សាស្រាវជ្រាវមួយពាក់ពន្ធ័និងចំណេះដឹង និងឥរិយាបនៃការប្រើប្រាស់គ្រឿងស្រវឹងនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១១បាន រកឃើញថា មានប្រហែល១១ភាគរយ នៃអ្នកប្រើប្រាស់គ្រឿងស្រវឹងធ្លាប់ប្រើប្រាស់អំពើហឹង្សា នៅពេលពួកគេស្រវឹង រឺឯការទទួលទានសុរា អាចបណ្តាលឲ្យសុខភាពមនុស្សចុះអន់ខ្សោយ និងបង្កឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
បើតាមលោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងឲ្យដឹង គោលបំណងនៃការបង្កើតឲ្យមានគោលនយោបាយជាតិ សម្រាប់គ្រប់គ្រងគ្រឿងស្រវឹង គឺត្រូវបានធ្វើឡើងដើម្បីភាពងាយស្រួលនៅក្នុងការជម្រុញឲ្យមានការបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ ខណៈដែលការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងពេលបច្ចុប្បន្ននេះ បានបំភ្លើសនូវការពិតទាំងស្រុង ជាហេតុបង្កឲ្យមានទស្សនៈភន្ត័ច្រឡំ។ លោកជំទាវបញ្ជាក់ថា៖«នៅប្រទេសកម្ពុជាមិនទាន់មានគោលនយោបាយជាតិគ្រប់គ្រងគ្រឿងស្រវឹងនៅឡើយទេ ដូច្នេះរាជរដ្ឋាភិបាលសូមស្វាគមន៍ចំពោះវេទិការពិគ្រោះយោលបល់ដ៏មានសារៈសំខាន់នេះ ព្រោះរាល់គំនិតទាំងអស់គឺជាធាតុផ្សំ ដ៏សំខាន់សម្រាប់បង្កើតគោលនយោបាយជាតិមួយ សមស្របនិងសង្គម សេដ្ឋកិច្ច វប្បធម៌ និងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា»។
ផលអវិជ្ជមាននៃការប្រើប្រាស់គ្រឿងស្រវឹង ត្រូវបានបណ្តាប្រទេសនៅលើពិភពលោកទទួល ស្គាល់ថា គ្រឿងស្រវឹងគឺជាប្រភពនៃអំពើហឹង្សាក្នុងគ្រួសារ និងសង្គម គ្រឿងស្រវឹងគឺជាប្រភពនៃគ្រោះថ្នាក់ចរាចរណ៍ និងជាប្រភពនៃការចាប់រំលោភសេពសន្ថវៈ និងអំពើអបាយមុខរួមមានការឆក់ប្លន់ និងអសន្តិសុខសង្គមនានា ជាមួយគ្នានេះផ្នែកវេជ្ជសាស្ត្របានព្រមានថា ការប្រើប្រាស់គ្រឿងស្រវឹង ធ្វើឲ្យខូចប្រពន្ធសសៃប្រសាទ រាងកាយគ្មានកំលាំងថាមពលធ្វើឲ្យស្មារតីចុះខ្សោយ វង្វេងវង្វាន់ជាដើម។
លោកស្រីពុំ ស៊ីចន្ទ័ សមាជិកព្រឹទ្ធសភានៃគណៈកម្មាធិការកិច្ចការនារី បានឲ្យដឹងថា កន្លងមកនេះឧស្សាហកម្មគ្រឿងស្រវឹងតែងតែលើកឡើងថា ការវិនិយោគលើគ្រឿងស្រវឹងផ្តល់ដល់រដ្ឋាភិបាលនូវប្រាក់ចំណូលពន្ធយ៉ាងច្រើន។ ប៉ុន្តែចំណូលពន្ធដែលបានពីគ្រឿងស្រវឹងមានចំនួនតិចជាងការខាតបង់ពីគ្រោះថ្នាក់បង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹង។ លោកស្រីបញ្ជាក់ថា៖«គោលនយោបាយជាតិនេះ អាចនិងត្រូវពិភាក្សាគ្នាដាក់បញ្ចូលនូវចំណុចសំខាន់មួយចំនួនដូចជា ទី១. ការតំម្លើងពន្ធឲ្យកាន់តែថ្លៃ ដើម្បីឲ្យប្រជាពលរដ្ឋពិបាករកទិញ ទី២.បញ្ហាកន្លែងលក់គឺត្រូវតែពិបាករកទិញ ទី៣. អ្នកទៅទិញត្រូវតែកំណត់អាយុ ទី៤.ត្រូវតែកំណត់រយៈពេលនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងអាយុអ្នកដែលអាចទទួលទានសុរាបាន»។ ទន្ទឹមគ្នានេះ គោលនយោបាយជាតិស្តីអំពីការគ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជា ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដាក់ចេញនូវច្បាប់និងបទដ្ឋានគតិយុត្តមួយចំនួន ដើម្បីគ្រប់គ្រងគ្រឿងស្រវឹង ដូចជាច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលកំណត់ការដាក់ទណ្ឌដល់អ្នកបើកបរយានយន្តមានជាតិស្រវឹង និងហាមឃាត់អ្នកបើកបរសេពគ្រឿង ស្រវឹង ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថា សុរានិងគ្រឿងស្រវឹងបានបង្កឲ្យមានផលវិបាកច្រើនពាក់ពន្ធ័ទៅហ្នឹងការរស់នៅរបស់មនុស្សនាពេលសព្វថ្ងៃ ដូច្នេះរដ្ឋាភិបាលនិងសង្គមស៊ីវិលបានខិតខំនាំគ្នាប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់បញ្ហានេះ ដូចជាវិធានការណ៍ចេញគោលការណ៍ណែនាំហាមឃាត់មិនឲ្យផ្សាយគ្រឿងស្រវឹងបានកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង៦ទៅម៉ោង៨យប់ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការប្រកាសជាសាធារណៈរបស់ឯកឧត្តមខៀវ កញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ ក្រសួងព័ត៌មាន បានសារាចរមួយថែមទៀតដោយធ្វើការហាមឃាត់ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយចាប់ពីថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ពីម៉ោង៦-៨យប់រាល់ ការផ្សាយពាណិជ្ជកម្ម តម្រូវឲ្យផ្សាយតែ Logo ផលិតផល និងអក្សរជាឈ្មោះ ផលិតផលតែប៉ុណ្ណោះ ឬអានឈ្មោះផលិតផល ហាមដាច់ខាត ការផ្សាយពាណិជ្ជកម្ម។
ហើយចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៥ ពី៦-៨យប់ ពុំអនុញ្ញាតឲ្យផ្សាយគ្រឿង ស្រវឹង ជាដាច់ខាត ។ បណ្តាក្រុមហ៊ុនផលិត ឬចែកចាយ ត្រូវផលិតស្ពតពាណិជ្ជកម្ម យកចិត្តទុកដាក់លើខ្លឹម សារ និងរូបភាពដើម្បីបញ្ចៀសផលប៉ះពាល់អវជ្ជមានទាំងឡាយ។ គ្រប់ប្រព័ន្ធឃោសនា ត្រូវបន្តអនុវត្ត ដោយម៉ឹងម៉ាត់ នូវសេចក្តីណែនាំរបស់ក្រសួងចំពោះការហាមឃាត់ផ្សាយពាណិជ្ជកម្ម។
ប្រទេសកម្ពុជាបានធ្វើការហាមឃាត់ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងវាមិនខុសពីប្រទេសផ្សេងៗនៅលើពិភពលោកឡើយ ដោយគ្រឿងស្រវឹងត្រូវបានចាត់ទុកថាជាអាវុធសម្រាប់បំផ្លាញសុខភាពនិង នាំឲ្យមនុស្សជួបបញ្ហាគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ជាក់ស្តែងនៅប្រទេសវៀតណាម មិនបានធ្វើការហាមឃាត់ទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឡើយ ដោយប្រទេសនេះបានមានការបែងចែកច្បាស់លាស់រវាងច្បាប់ពីរខុសគ្នា គឺច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនិងច្បាប់ធ្វើអាជីវកម្ម។ នេះបើតាមការថ្លែងឲ្យដឹងពីលោក hoang vinh minh ប្រធានគណកម្មាធិការសុវត្ថិភាពចរាចរណ៍ខេត្តវិញភឿក។
លោក hoang vinh minh បញ្ហានេះបានជាប់ពាក់ពន្ធ័ទៅនិងប្រទេសវៀតណាមដែលយោងទៅលើច្បាប់ធ្វើអាជីវកម្មដោយម្ចាស់ផលិតផលស្រាបៀវ អាចធ្វើការផ្សព្វផ្សាយពីផលិតផលខ្លួនបាន ប៉ុន្តែមិនបានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មរឺម្ចាស់ក្រុម ហ៊ុនស្រាបៀបណាមួយធ្វើការផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួននោះទេ ព្រោះអ្នកធ្វើអាជីវកម្មលក់ស្រាវបៀរអាចធ្វើរឿងនេះទៅបានក៏ព្រោះតែពួកគេយោងទៅលើច្បាប់នៃការធ្វើអាជីវកម្ម។ លោកបញ្ជាក់ថា៖« ការផ្សព្វផ្សាយស្រាបៀរប៊ីយ៉ែ នាពេលបច្ចុប្បន្ននេះ នៅវៀតណាម គេបានកំនត់ការផ្សព្វផ្សាយបៀរយ៉ែនិងស្រាគឺមានពី១៥អង្សាសេចុះ ចឹងមានន័យថា គេមិនផ្សព្វផ្សាយអំពីស្រាទេ គឺគេផ្សព្វផ្សាយតែពាណិជ្ជកម្មបៀរយ៉ែតែប៉ុណ្ណោះ ហើយនាពេលបច្ចុប្បន្ននេះWHO និងក្រសួងសុខាភិបាលវៀតណាមកំពុងកសាងបណ្តាញសារសំខាន់ៗអប់រំពីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីគ្រឿងស្រវឹង និងការចុះរឹតបណ្តឹង អ្នកប្រើប្រាស់គ្រឿងស្រវឹងហើយបើកបរ»។
បើទោះបីជាយ៉ាងនេះក្តី ក៏មន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជាបានធ្វើការប្រៀបធៀបទៅលើការរឹតបណ្តឹងច្បាប់ការផ្សាយពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមផងដែរ ដោយក្នុងនោះបានធ្វើការអះអាងថា ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលស្រាបៀរនៅប្រទេសកម្ពុជាហាក់មានច្រើនជាងនៅប្រទេសវៀតណាម បើទោះបីជាប្រទេសវៀតណាមកើតមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ច្រើនជាងប្រទេសកម្ពុជាក៏ដោយ។
នេះបើតាមឯកឧត្តមពៅ ម៉ាលី អគ្គលេខា ធិការនៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងប្រាប់កាលពីសប្តាហ៍មុន។ ឯកឧត្តម បានបន្ថែមថា៖«ប្រទេសវៀតណាមគេមានច្បាប់គ្រង់គ្រងផ្សាយពាណិជ្ជកម្មយ៉ាងត្រឹមត្រូវ ហើយបើធៀបនិងកម្ពុជាអត្រាស្លាប់មានលក្ខណៈប្រហាក់ប្រហែលគ្នា នេះបើគិតពីកំណើនប្រជាពលរដ្ឋដែលមានខុសគ្នានោះ»។
ជាមួយគ្នានេះ បើទោះបីជាប្រទេសកម្ពុជា មានការរឹតបណ្តឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មច្រើនយ៉ាងណាក្តី ប៉ុន្តែគេនៅតែពិនិត្យឃើញថា បច្ចុប្បន្ននេះការហាមឃាត់ហាក់ដូចជាមិនសូវមានប្រសិទ្ធភាពនៅឡើយ ព្រោះម្ចាស់អាជីវកម្មស្រាបៀរ បានស្មគ្រ័ចិត្តចំណាយថវិការដ៏ច្រើនលើសលុប ដើម្បីបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួននៅតាមគេហទំព័រ តាមកាសែត និងទូរទស្សន៍ រឺទស្សនាវត្តីនានា ក្នុងគោលបំណងចង់ឲ្យអតិថិជនបានដឹងពីប្រភេទស្រានិងបៀរយ៉ែរថ្មីៗ រឺអាចទាក់ទាញឲ្យអតិថិជនចង់សាកល្បងភ្លក់រស់ជាតិស្រានិងបៀរយ៉ែរទាំងនោះ ដើម្បីអត្ថប្រយោជន៍តែមួយគត់ គឺម្ចាស់អាជីវកម្មអាចទទួលបានប្រាក់ចំណូលដ៏ខ្ពស់ច្រើនជាងការចំណាយ ទៅលើថ្លៃផ្សាយពាណិជ្ជកម្មនោះទៀត៕
មតិយោបល់