(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៥ នេះ បានសម្រេចដាក់បញ្ចូលថ្នាក់ដឹកនាំ និងកម្មករសាឡាងចម្លងអ្នកលឿង សរុប ៧៨នាក់ ឲ្យធ្វើជាមន្ត្រីនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអ្នកលឿងជាផ្លូវការ ដែលជាហេតុឲ្យនាំឲ្យកម្មករសាឡាង
ទាំងនោះអស់ការងារធ្វើ។ ចំណែកឯលោក សេង ឈួន ប្រធានគ្រប់គ្រងសាឡាងអ្នកលឿង បានផ្តល់តំណែងជាអនុរដ្ឋលេខាធិការនៃក្រសួង
សាធារណការ និងដឹកជញ្ជូន។
«អ្នកទទួលខុសត្រូវនៅទីនេះ និងបុគ្គលិកនៅទីនេះពីដើមវាជាសហគ្រាសសាធារណៈ មិនមែនជាក្របខណ្ឌរដ្ឋទេ ក៏ប៉ុន្តែបន្ទាប់ពីបងប្អូនបញ្ចប់ភារកិច្ចហើយ ត្រូវធ្វើយ៉ាងម៉េចត្រូវតែបញ្ជូលទៅក្នុងក្របខណ្ឌ ក្រសួងសាធារណការ និងដឹកជញ្ជូន»។ នេះជាប្រសាសន៍របស់សម្តេច ដែលបានលើកឡើងនៅក្នុងកម្មវិធីសម្ពោធ។
គួរបញ្ជាក់ផងដែរថា ស្ពានអ្នកលឿង ជាប្រភេទស្ពានហាយវ៉េ ឆ្លងទន្លេមេគង្គ ភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង ដែលបានចាប់ផ្តើម បើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែកុម្ភៈ ២០១១ ចំណាយទឹកប្រាក់អស់ប្រមាណ ១៣០លានដុល្លារ ជាជំនួយរបស់ជប៉ុន មានប្រវែងបណ្ដោយ ២២១៥ម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ៕
ព័ត៌មានជាតិ
មតិយោបល់