ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt បានមានប្រសាសន៍ថា “រយៈពេល៣ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអាទិភាពជាច្រើន ក្នុងនោះការកែទម្រង់វិស័យអប់រំពិតជាមានភាពល្អប្រសើរ កម្រិតគុណភាពនៃការសិក្សាមានលក្ខណៈប្រកួតប្រជែង ធ្វើឲ្យសិស្សមានសមត្ថភាពកាន់តែល្អជាលំដាប់ ហើយគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនក៏កាន់តែមានការប្រកួតប្រជែងខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ”។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធីសញ្ញាបត្រពី រវាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យ Arizona របស់សហរដ្ឋអាមេរិកនៅថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៦នេះ លោក William Heidt បានបញ្ជាក់ថា នេះជាលើកទី១ ដែលសាកលវិទ្យាល័យ ដ៏ធំមួយរបស់សហរដ្ឋអាមេរិកបានចាប់ដៃគូរលើកម្មវិធីសិក្សានៅក្នុងប្រទេសកម្ពុជា។ ការចុះ MOUនេះគឺជាការចូលរួមដ៏ធំមួយក្នុងការលើកកម្ពស់គុណភាពអប់រំនៅក្នុងប្រទេសកម្ពុជា ព្រោះថា Arizona បានពង្រីកខ្លួននៅក្នុងបណ្តាប្រទេសអភិវឌ្ឍជាច្រើននៅលើពិភពលោក និងមានឈ្មោះល្បីល្បាញនៅទ្វីបអឺរ៉ុប ដោយឡែកនៅក្នុងតំបន់អាស៊ី Arizona បានចាប់ដៃជាមួយប្រទេសប្រមាណជា៣ប៉ុណ្ណោះ ក្នុងនោះមានកម្ពុជាផងដែរ។
លោក សាស្រ្តាចារ្យ Brent White ព្រឹទ្ធបុរសរងទទួលបន្ទុកកិច្ចការអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យ Arizona បានបញ្ជាក់នៅក្នុងពិធីចុះMOUនោះថា តទៅនេះសាកលវិទ្យាល័យទាំង២ តាមរយៈកម្មវិធីផ្តល់សញ្ញាបត្រ២នេះនឹងផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញច្បាប់ (Law) និងរដ្ឋបាលធុរកិច្ច (Business Admistration) នឹងកំពុងពិភាក្សាលើការបញ្ចូលកម្មវិធីវិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្ម។
លោកសាស្រ្តាចារ្យបានបញ្ជាក់ទៀតថា ការចុះMOUនេះបានផ្តល់ផលចំណេញច្រើនដល់និស្សិតកម្ពុជា និងនិស្សិតនៅអាស៊ីមួយចំនួនទៀត ព្រោះថាបើនិស្សិតកម្ពុជាចំណាយថវិការទៅរៀននៅArizona សហរដ្ឋអាមេរិក អាចចំណាយអស់ប្រមាណជាជាង៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំតែបើសម្រាប់ការសិក្សានៅកម្ពុជា គឺចំណាយត្រឹមតែ៧ពាន់ដុល្លារក្នុង១ឆ្នាំ គុណភាពដូចគ្នា ហើយផ្តល់សញ្ញាបត្រដល់ទៅ២ ហើយរស់នៅជួបជុំគ្រួសារទៀតផង។
លោក Kenneth Dunn សាកលវិទ្យាល័យ AUPP បានវាយតម្លៃខ្ពស់លើកិច្ចព្រមព្រៀងនេះ និងបានកត់សម្គាល់ថា “តាមរយៈកម្មវិធីបណញតុះបណ្តាលរវាង AUPPនិងArizona នឹងផ្តល់ឱកាសដល់និស្សិតកម្ពុជា និងនិស្សិតបរទេសក្នុងតំបន់អាស៊ាន ទទួលបានសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាទាំង២នេះ ដែលពួកគេនឹងឈានទៅរកអាជីពប្រកបដោយភាពជោគជ័យ”៕
មតិយោបល់