សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Wan-koo បានស្នើសុំលាលែងពីតំណែងនៅថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីឡើងកាន់តំណែងបានរយៈពេល ២ខែ ចំពេលដែលកើតមានរឿងអាស្រូវនយោបាយកើតឡើង ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ ២០១៥ នេះ។
លោក Lee នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីដដែល លុះត្រាតែលោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូង សម្រេចចិត្តទទួលយកសំណើនៃការលាលែងពីតំណែង។
លោកស្រី Park Geun-hye បានពោលពាក្យថា «សោកស្ដាយ» នៅពេលដែលបានឮថា លោក Lee ដាក់ពាក្យស្នើសុំឈប់ពីតំណែង ព្រោះតែបក្សប្រឆាំងបានលើកឡើងថា លោក Lee មានជាប់ពាក់ព័ន្ធនឹងរឿងស៊ីសំណូក ហើយពួកគេនឹងបង្ហាញភស្ដុតាង ដូច្នេះហើយទើបលោក Lee សម្រេចចិត្តលាលែងពីតំណែង។
គួរបញ្ជាក់ផងដែរថា អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងមុននោះ លោក Chung Hong-Won ក៏បានលាលែងពីដំណែងផងដែរកាលពីខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ បន្ទាប់ពីសោកនាដកម្មលិចនាវា Sewol៕
ព័ត៌មានជាតិ
មតិយោបល់