ខេត្តរតនគិរី៖ ស្រុកអណ្តូងមាស ដើម្បីធ្វើអាជីវកម្មដោយមិនស្របច្បាប់ ការធ្វើអាជីវកម្មដោយពុំស្របច្បាប់នោះមានរយៈពេលច្រើនខែកន្លងមកហើយ តែសមត្ថកិច្ចនៅក្នុងតំបន់នោះមិនបានទប់ស្កាត់នោះទេ។ រហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះទៅបង្ក្រាបបានរថយន្តកែច្នៃមួយគ្រឿងដែលផ្ទុកឈើប្រណិតពេញរថយន្តរួចប្រគល់អោយទៅមេព្រៃខេត្តដើម្បីចាត់វិធាការបន្តទៅតាមច្បាប់។ តាមប្រភពបានអោយដឹងថា បច្ចុប្បន្នក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនឈើដែលមិនស្របច្បាប់នេះយ៉ាងគគ្រឹគគ្រេងតាមប្រភេទរថយន្តស៊េរីទំនើបនិងរថយន្តកែច្នៃដើម្បីយកទៅលក់អោយវៀតណាមតាមច្រករបៀងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយអាណាធិបតេយ្យ រហូតមកដល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធធ្វើប្រងើយមិនមានវិធានការទប់ស្កាត់បង្ក្រាបឡើយ។ ប្រភពបន្តបានឲ្យដឹងថាការបង្ក្រាបបទល្មើសឈើប្រណិតសមត្ថកិច្ចនៅទីនោះហាក់បីដូចមិនឃើញ ឫក៏ធ្វើមិនដឹងសង្ស័យពួកគេកំពុងតែងឹតភ្នែកដោយសារតែកញ្ចប់លួងចិត្តពីឈ្មួញទាំងអស់នោះហើយ ទើបមើលអ្វីមិនឃើញបែបនេះ។ ពួកក្រុមឈ្មួញរកស៊ីជំនួញឈើប្រណិតខុសច្បាប់ទាំងអស់នោះកាន់តែបានដៃ ហើយបន្តធ្វើសកម្មភាពខ្លាំងខ្លាថែមទៀតបានដឹកពីតំបន់ផ្សេងៗយកទៅលក់អោយវៀតណាមធ្វើអាជីវកម្មនៅប្រទេសគេ។ កាលពីវេលាម៉ោងជាងប្រាំបួនយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥នេះខណៈដែលពួកឈ្មួញកំពុងធ្វើការដឹកជញ្ជូនឈើប្រណិតលេខ១ទៅកាន់តាមច្រករបៀងខាងលើ។ ពេលនោះកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលមានចំនួន៤នាក់បានចុះទៅបង្ក្រាបហើយឃាត់បានរថយន្តកែច្នៃមួយគ្រឿងដែលកំពុងចរាចរណ៍ដឹកឈើផ្ទុកពេញរថយន្តនោះរួចបញ្ជូនមកស្នងការដើម្បីបង្កសំណុំរឿងតាមនិតិវិធី។ លោកនូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអោយដឹងថា រថយន្តដឹកឈើនោះគឺឈ្មួញបំរុងដឹកយកទៅលាក់ទុកដើម្បីបន្តដឹកជញ្ជូនយកទៅលក់ឲ្យវៀណាមតាមច្រករបៀងភូមិចង ឃុំញ៉ាង ប៉ុន្តែដឹកទៅដល់ចំណុចភូមិពែង ឃុំញ៉ាង ស្រុកអណ្តូងមាសកម្លាំងយើងបានចុះទៅបង្ក្រាបបានតែរថយន្តកែច្នៃនិងឈើប្រណីតពេញរថយន្តតែតៃកុងរថយន្តបានរត់គេចខ្លួនបាត់។នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបន្តថា ឈើទាំងអស់នោះរួមមានជិត៣០កំណាត់ មានមុខកាត់ចាប់ពី៤តឹកចុះ មានប្រវែងជាង៣ម៉ែត្រ។ ក្រោយពីធ្វើកំណត់ហេតុរួចឈើនឹងរថយន្តដែលជាភស្តុតាងល្មើសនោះបានប្រគល់ឲ្យទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្តដើម្បីចាត់វិធានការតាមច្បាប់ព្រៃឈើផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់