ក្រុមរដ្ឋឥស្លាមផ្ដាច់ខ្លួន (IS) អាចនឹងបញ្ជូនក្រុមសកម្មប្រយុទ្ធរបស់ពួកគេចូលទៅកាន់តំបន់អឺរ៉ុបតាមរយៈបន្លំខ្លួនជាមួយនឹងជនភៀសខ្លួននៅសមុទ្រមេឌីទែរ៉ាណេ នេះបើយោងតាមសំដីរបស់លោក Abdul Basit Haroun ទីប្រឹក្សារដ្ឋាភិបាលប្រទេសលីប៊ី បានថ្លែងប្រាប់សារព័ត៌មាន BBC។
នៅក្នុងកិច្ចសម្ភាសន៍ លោក Abdul Basit Haroun បានថ្លែងឲ្យដឹងថា ពួករត់ពន្ធបានបង្កប់ក្រុមសកម្មជន IS នៅក្នុងទូកជនភៀសខ្លួន ដោយបានក្លែងឯកសារ ក្នុងគោលបំណងធ្វើយ៉ាងណាបញ្ជូនសកម្មជន IS ឲ្យទៅដល់តំបន់អឺរ៉ុប។ ការប្រមាណនេះត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីតាលី និងអេហ្ស៊ី ធ្លាប់បានក្រើនរំលឹកជាច្រើនដងមកហើយដែរ ប៉ុន្តែក្រុមអ្នកជំនាញបានផ្ដល់យោបល់ថា វាជារឿងពិបាកក្នុងការបែងចែក និងកំណត់យកព័ត៌មានខាងលើ។
លោក Abdul Basit Haroun បានអះអាងដូច្នេះ ដោយសារតែលោកបានជួបជាមួយនឹងក្រុមអ្នករត់ពន្ធនៅតំបន់អាហ្វ្រិកខាងជើង ដោយពួកគេបាននិយាយថា ក្រុម IS ហ៊ានចំណាយលុយលើសលុបសម្រាប់បង្កប់ខ្លួនសកម្មជនរបស់ពួកគេនៅក្នុងក្រុមជនភៀសខ្លួន៕
មតិយោបល់