(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ឡើងវិញថាវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាព៧៦ភាគរយ នៅក្នុងការធ្វើតេស្ដនៅសហរដ្ឋអាមេរិក។
នៅក្នុងការធ្វើបច្ចុប្បន្នភាពនៃប្រសិទ្ធភាពវ៉ាក់សាំង ក្រុមហ៊ុន AstraZeneca ប្រកាសជាថ្មីថាវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាព ៧៦ភាគរយនៅក្នុងការធ្វើ តេស្ដនៅសហរដ្ឋអាមេរិក។ ព្រមពេលជាមួយគ្នា ក្រុមហ៊ុនឱសថអង់គ្លេសមួយនេះនៅតែបញ្ជាក់ដដែលថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព១០០ភាគរយក្នុងការទប់ស្កាត់ មិនឲ្យអ្នកជំងឺឈានដល់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និង៨៥ភាគរយសម្រាប់មនុស្សមានវ័យ៦៥ឆ្នាំឡើងទៅ។
ការធ្វើបច្ចុប្បន្នវ៉ាក់សាំងខាងលើ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២២ ខែកម្ភៈកន្លងទៅ ក្រុមហ៊ុន AstraZeneca បានឱ្យដឹងថាលទ្ធផលនៃការធ្វើតេស្តទ្រង់ទ្រាយធំមួយ នៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថាវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនអភិវឌ្ឍរួមគ្នាជាមួយសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព «៧៩ភាគរយ»។ ក៏ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកនៅដើមសប្ដាហ៍នេះបានរិះគន់ត្រង់ៗថាក្រុមហ៊ុនឱសថអង់គ្លេសមួយនេះបានប្រើប្រាស់ព័ត៌មានហួសសម័យ ដើម្បីគណនាពីប្រសិទ្ធភាពវ៉ាក់សាំង៕
Reuters៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
មតិយោបល់