(តៃវ៉ាន់)៖ តៃវ៉ាន់បានចាប់ផ្តើមការផលិតមីស៉ីលទ្រង់ទ្រាយធំ ដែលមានលទ្ធភាពហោះបានចម្ងាយឆ្ងាយ ដែលគឺវាជាការប្រកាសកម្រមួយរបស់តៃវ៉ាន់លើការអភិវឌ្ឍសព្វាវុធ សម្រាប់វាយប្រហារ នៅចំពោះមុខការរងសម្ពាធកាន់តែខ្លាំងឡើងពីចិន។ នេះបើតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់។
លោក Leng Chin-hsu នាយករងនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍសព្វាវុធ Chung-Shan របស់រដ្ឋាភិបាលតៃវ៉ាន់ បានថ្លែងក្នុងសភាតៃវ៉ាន់ថាមីស៉ីលរយៈចម្ងាយឆ្ងាយ មួយប្រភេទ ដែលអាចបាញ់ចេញពីដីគោក គឺត្រូវបានចាប់ផ្តើមការផលិតក្នុងទ្រង់ទ្រាយធំរួចហើយ ដោយមីស៉ីលចម្ងាយឆ្ងាយ០៣ប្រភេទទៀត កំពុងស្ថិតក្រោមការអភិវឌ្ឍ។ ប៉ុន្តែលោក Leng បានសុំមិនផ្តល់ព័ត៌មានលម្អិត អំពីចម្ងាយនៃសមត្ថភាពហោះហើររបស់វាឡើយ។
រាប់សិបឆ្នាំមកនេះ យោធាតៃវ៉ាន់បានផ្តោតជាសំខាន់តែទៅលើការការពារខ្លួនពីការវាយប្រហារណាមួយរបស់ចិនប៉ុណ្ណោះ។ ប៉ុន្តែប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ធ្លាប់បានសង្កត់ធ្ងន់ជាច្រើនលើកអំពីសារសំខាន់ នៃការអភិវឌ្ឍសមត្ថភាពទាំងពីរមុខព្រួញ គឺទាំងខាងការពារខ្លួន និងទាំងខាងសមត្ថភាពវាយបក ទៅកាន់គោលដៅ ដែលស្ថិតនៅឆ្ងាយៗពីឆ្នេររបស់តៃវ៉ាន់៕
Reuters៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
មតិយោបល់