ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះ៖ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ បុរសឈ្មោះ វ៉ាន់ ណាក្រូ សូមមកជួបក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាព និងយកសំណាក់ទៅពិនិត្យជំងឺកូវីដ-១៩

រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ បុរសឈ្មោះ វ៉ាន់ ណាក្រូ នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដែលមានវិជ្ជមានកូវីដ-១៩ និងនៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស សូមមកជួបក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាព និងយកសំណាក់ទៅពិនិត្យជំងឺកូវីដ-១៩៖

 

 

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត
ក្រចេះ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សី និងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ជ្រាបថា កាល
ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក វ៉ាន់ ណាក្រូ នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាល
ខេត្តត្បូងឃ្មុំ បានធ្វើដំណើរពីភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មកជួបប្រពន្ធ កូន រស់នៅ
ភូមិអូឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានរោគសញ្ញាក្តៅខ្លួន ក្អកតិចៗ រយៈពេលចំនួន០៨ថ្ងៃមកហើយ។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២:០០នាទីរំលងអធ្រាត្រ គាត់បានទៅសម្រាកព្យាបាលចំនួន០១យប់ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ដោយអាការៈមិនធូស្បើយ ក៏សម្រេចចិត្តទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

 

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ គាត់បានចេញដំណើរពីភូមិអូរឫស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយជួលរថយន្តឈ្នួល០៨កៅអី ទៅខេត្តកំពង់ចាម ចូលទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យធ្វើការតេស្តរកមេរោគកូវីដ-១៩។ នៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លទ្ធផលនៃការយកសំណាករបស់លោក វ៉ាន់ ណាក្រូ គឺមានវិជ្ជមានជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យបាន
ដាក់អ្នកជំងឺរូបនេះ សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
រដ្ឋបាលខេត្ត និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត បាន
កំពុងចាត់វិធានការស្រាវជ្រាវ កំណត់មុខសញ្ញាអ្នកដែលជាប់ពាក់ព័ន្ធ។

រដ្ឋបាលខេត្ត សូមសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល
ជាមួយលោក វ៉ាន់ ណាក្រូ និងមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស សូមមកជួបក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាព និងយកសំណាកទៅពិនិត្យជំងឺកូវីដ-១៩។ ករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនរស់នៅ និងរាយការណ៍ទៅអជ្ញាធរមូលដ្ឋានជាបន្ទាន់។រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារនិង៣កុំ ដោយឡែកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមាន់វីរុសកូវី៨-១៩ ខាងលើសូមអនុវត្តឱ្យម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

 

 

មតិយោបល់