ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ករណីស្លាប់បុរសអាយុ​ ៣៩ឆ្នាំ​ ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ​ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩​ នោះទេ​

ករណីស្លាប់បុរសអាយុ​ ៣៩ឆ្នាំ​ ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ​ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩​ នោះទេ​ នាថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០២១៖

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការផ្តល់ព័ត៌មានរបស់មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ដែលរស់នៅផ្ទះលេខ

3B ឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ លើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង២០:៣០នាទីយប់ ។អ្នកជំងឺខាងលើ ត្រូវបានយកសំណាក និងចេញលទ្ធផលឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ហើយត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល។ ក្នុងរយៈពេលព្យាបាលចំនួន ០៨ថ្ងៃកន្លងមក
អ្នកជំងឺនេះ មិនមានរោគសញ្ញាអ្វីដែលបង្ហាញពីការវិវត្តន៍ទាក់ទងនឹងជំងឺកូវីដ-១៩ គួរឱ្យកត់សំគាល់ឡើយ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០និង៣០នាទីយប់ អ្នកជំងឺមានចេញរោគសញ្ញាឈឺចុកក្នុងទ្រូងខ្លាំងភ្លាមៗ ដែលក្រុមគ្រូពេទ្យបានទៅពិនិត្យមើលភ្លាមៗ តែមួយសន្ទុះក្រោយមក អ្នកជំងឺបានបាត់បង់ស្មារតី។ ទោះជាក្រុមគ្រូពេទ្យបានព្យាយាមសង្គ្រោះតាមបច្ចេកទេស ដោយធ្វើចលនាបេះដូង និងការប្រើប្រាស់ថ្នាំជំនួយបេះដូងទៅតាមបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន ហើយអ្នកជំងឺ ក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ២១និង៤០នាទីយប់នៃថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ
ស្ទះសរសៃឈាមបេះដូងភ្លាមៗ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ។ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

មតិយោបល់