ព័ត៌មានជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នា ដោយគ្មានចេញចំណាត់ការលើការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង

 

(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រញូយ៉ក) បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីការបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីភ្លាមៗនោះទេ បើទោះជាសហរដ្ឋអាមេរិកនិយាយថាស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងពិចារណាចាត់វិធានការថ្មីៗក៏ដោយ។

មន្ត្រីការទូតម្នាក់បាននិយាយថាបណ្ដាប្រទេសភាគច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខ សុទ្ធតែបានបង្ហាញពីក្ដីកង្វល់កំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ហើយបានអំពាវនាវ ជាថ្មីឱ្យមានកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ បើទោះមិនមានការចេញសេចក្ដីថ្លែងការណ៍តាមការគ្រោងទុកក៏ដោយ។ ប៉ុន្តែចំណោយពេលក្នុងកិច្ចប្រជុំបិទទ្វារជាង កន្លះម៉ោង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនបានចេញផ្សាយសេចក្ដីថ្លែងការណ៍ណាមួយ ផ្ទុយពីឆ្នាំ២០២០ ជាពេលដែលប្រទេសអឺរ៉ុបចំនួន៥ ចេញមុខថ្កោលទោសភ្លាមៗដោយចាត់ទុកថាការធ្វើតេស្ដមីស៊ីលដោយទីក្រុងព្យុងយ៉ាង នៅពេលនោះគឺជាសកម្មភាពបង្ករឿង។

កិច្ចប្រជុំខាងលើរបស់ក្រុមប្រឹក្សាសន្តិសុខដែលស្នើឡើងដោយអង់គ្លេស អេស្ដូនី បារាំង អ៊ែរឡង់ និងន័រវែស។ កូរ៉េខាងជើងកាលពីសប្ដាហ៍មុន បានធ្វើតេស្ដមីស៊ីល ចំនួន២គ្រាប់ ដែលសហរដ្ឋអាមេរិកជឿជាជាក់ថាមីស៊ីលបាលិស្ទីគរយ:ចម្ងាយខ្លី ហើយដែលការបាញ់សាកល្បងមីស៊ីលប្រភេទនេះរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានហាមឃាត់នៅក្រោមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

Reuters៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

មតិយោបល់