(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នឹងធ្វើដំណើរទៅជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃទី១៦ ខែមេសា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ខណៈចិនត្រូវបានគេរំពឹងថានឹងក្លាយជា «ប្រធានបទក្តៅ» ដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះត្រូវលើកយកទៅពិភាក្សាគ្នា។
លោកនាយករដ្ឋមន្ត្រី ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ក៏នឹងក្លាយមេដឹកនាំបរទេសដំបូងផងដែរ ដែលលោកប្រធានាធិបតី ចូ បៃដិន ត្រូវធ្វើកិច្ចស្វាគមន៍ដោយផ្ទាល់ នៅក្នុងទឹកដីសហរដ្ឋអាមេរិក គិតចាប់តាំងពីលោកបានឡើងកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងកំឡុងពេលដែលមហាអំណាចលេខ ១ លើពិភពលោកនេះ កំពុងហែលឆ្លងវិបត្តិ COVID-19 ដ៏អាក្រក់បំផុត។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក កាតុ កាត់ស៊ូណូប៊ុ (Katsunobu Kato) បាននិយាយថាពីដំបូងឡើយមេដឹកនាំអាមេរិក និងជប៉ុន បានគ្រោងជួបគ្នានៅដើមខែមេសានេះ ប៉ុន្តែប្រទេសទាំងពីរត្រូវការពេលវេលា ដើម្បីរៀបចំបន្ថែមទៀតទើបវាត្រូវពន្យារ ពេល ទៅដល់ពាក់កណ្តាលខែមេសាវិញ។ បើតាមអ្នកដឹងលឺអំពីព័ត៌មាន អំពីគោលដៅដំណើរទស្សនកិច្ចនេះ គឺសហរដ្ឋអាមេរិក និងប្រទេសជប៉ុនគ្រោងលើកយករឿងរ៉ាវនៅចិនដូចជា តំបន់ស៊ីនជាំង និងទីក្រុងហុងកុងទៅពិភាក្សាគ្នា៕
Reuters៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១
មតិយោបល់