ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ មានករណីស្លាប់ជនជាតិកូរ៉េម្នាក់អាយុ​ ៤៨ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩

 

 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប
ថា យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ដែលរស់នៅ BELLA VITA APARTEMENT St. 51 បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទីរសៀល។

បុរសខាងលើ បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ
២០២១ ប្រហែលម៉ោង ១១:៣០នាទី។ នៅថ្ងៃដដែលនេះ ដោយលទ្ធផលនៃការវិភាគវត្ថុសំណាករបស់គាត់
ទទួលបានពីមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ បញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ-១៩ អ្នកជំងឺ ត្រូវបាន
បញ្ជូនពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល
វេលាម៉ោង ២១:១៥នាទីយប់។ ដោយសារអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូងមកហើយនោះ ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស តែសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើងៗតម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត
ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀម
កំជាទីបំផុតជាមួយក្រុមគ្រួសារសព។

មតិយោបល់