ព័ត៌មានជាតិ

ទូកទេសចរណ៍​១គ្រឿងបាន​ក្រឡាប់ ​ដែលគេ​សង្ស័យថា​មានដឹកគ្រួសារ​របស់​អតីត​ប្រធានាធីបតី​ឡាវ

ទូកទេសចរណ៍មួយគ្រឿង បានក្រឡាប់នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ នៅបឹង Nam Ngum ប្រហែល៦០គីឡូម៉ែត្រពីរដ្ឋធានីវៀងចន្ទន៍ បណ្ដាលឱ្យមានមនុស្សស្លាប់ ខណៈមនុស្សមួយចំនួនត្រូវបានជួយសង្គ្រោះ។

យោងតាមសារព័ត៌មានស៊ីនហ៊ួរ បានរាយការណ៍ថា លោក Choummaly Sayasone អតីតប្រធានាធិបតីឡាវ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែក កូនប្រុសរបស់គាត់ ២នាក់ និងកូនស្រី ២នាក់ ត្រូវបានជួយសង្គ្រោះផងដែរ។ សពចំនួន ០៤នាក់ត្រូវបានរកឃើញ និង ៥នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ គិតត្រឹមម៉ោង ៤រសៀលថ្ងៃដដែល។

ប្រភពដដែលបានរាយការណ៍បន្តថា ហេតុការណ៍ក្រឡាប់ទូកនេះ បានកើតឡើងម៉ោងប្រហែល ១០:៣០ នាទីព្រឹក អំឡុងពេលដែលកំពុងមានព្យុះភ្លៀង។ ទូកជួយសង្គ្រោះ ត្រូវបានចេញទៅស្វែងរកអ្នកដែលអាចនៅរស់។

សូមជម្រាបថា លោក Sayasone កើតថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៣៦ ជាអតីតប្រធានាធីបតីឡាវ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៦។ លោកកើតនៅខេត្តអាតាពឺ និងបានចូលរួមជាមួយគណៈបក្សបដិវត្តន៍ប្រជាជនឡាវ នៅឆ្នាំ១៩៩១ និងក្លាយជារដ្ឋមន្ត្រីការពារជាតិឡាវ នៅឆ្នាំ១៩៩១ ដល់ ២០០១៕

 

ប្រភព៖ clicknews

មតិយោបល់