(Reuter) នៅថ្ងៃពុធនេះ សភាអង់គ្លេសបានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការដើម្បីបញ្ចប់នូវអ្វីដែលសមាជិកសភាពិពណ៌នាថាជាអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ស៊ីនជាំង របស់ប្រទេសចិនដោយបង្កើនសម្ពាធលើរដ្ឋមន្ត្រីឲ្យបន្ថែមការរិះគន់ចំពោះទីក្រុងប៉េកាំង។

ប៉ុន្តែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson មិនចង់ប្រកាសពីអំពើប្រល័យពូជសាសន៍ចំពោះអ្វីដែលខ្លួននិយាយថាជាការរំលោភសិទ្ធិមនុស្ស “ទ្រង់ទ្រាយធំ” ប្រឆាំងនឹងសហគមន៍មូស្លីម Uighur នៅតំបន់ស៊ីនជាំង។ រដ្ឋមន្ត្រីនិយាយថាការសម្រេចចិត្តណាមួយក្នុងការប្រកាសអំពីអំពើប្រល័យពូជសាសន៍នេះគឺ ជាការសម្រេចរបស់តុលាការ។
រយៈពេលកន្លងមករដ្ឋាភិបាលបានដាក់ទណ្ឌកម្មលើមន្ត្រីចិនមួយចំនួន និងបានចេញច្បាប់នានាដើម្បីព្យាយាមរារាំងទំនិញផ្សេងៗដែលពាក់ព័ន្ធនឹងតំបន់នេះមិនឱ្យប្រើប្រាស់ក្នុងសង្វាក់ផលិតកម្ម ប៉ុន្តែសមាជិកសភាភាគច្រើនចង់អោយរដ្ឋមន្ត្រីដាក់ទណ្ឌកម្មបន្ថែមទៀត។

ទីក្រុងប៉េកាំងបដិសេធការចោទប្រកាន់អំពីការរំលោភសិទ្ធិនៅស៊ីនជាំង។
សមាជិកសភាបានគាំទ្រចលនាមួយដែលផ្តួចផ្តើមដោយសមាជិកសភាគណបក្សអភិរក្សនិយមលោក Nusrat Ghani ដែលបាននិយាយថា ជនជាតិ Uighur នៅតំបន់ស៊ីនជាំងដែលកំពុងទទួលរងនូវឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ហើយអំពាវនាវឲ្យរដ្ឋាភិបាលប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីបញ្ចប់អំពើទាំងនោះ។
ការគាំទ្រចំពោះចលនានេះគឺមិនតំរូវជាកាតព្វកិច្ចអ្វីទេ មានន័យថាការអនុវត្តគឺអាស្រ័យលើរដ្ឋាភិបាលក្នុងការសំរេចថាតើសកម្មភាពណាដែលត្រូវធ្វើបន្ទាប់។
មតិយោបល់