ព័ត៌មានជាតិ

កូវីដ-១៩៖ ប្រទេសជាច្រើនប្រកាសបញ្ជូនជំនួយទៅជួយសង្គ្រោះឥណ្ឌា

 

(ប៊ែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Maas នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនជំនួយអុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា នៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយវិបត្តិធំៗ បង្កឡើងដោយជំងឺ COVID-19។

ប្រទេសឥណ្ឌាកំពុងប្រឈមនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃជំងឺ COVID-19 ដោយចំនួនករណីឆ្លង និងស្លាប់ បាននិងកំពុងកើនឡើងយ៉ាងគំហុក។ ក្រៅពីអាល្លឺម៉ង់ ប្រទេសសិង្ហបុរី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បាននិងកំពុងបញ្ជូនជំនួយ រួមមានឧបករណ៍វេជ្ជសាស្ត្រ និងអុកស៊ីសែន ទៅកាន់ប្រទេសឥណ្ឌាជាបន្តបន្ទាប់ផងដែរ។

អាល្លឺម៉ង់បានចាត់ថ្នាក់ឥណ្ឌា ជាប្រទេសដែលមានអត្រាឆ្លងខ្ពស់បំផុតនៃជំងឺ COVID-19។ ចាប់ពីថ្ងៃចន្ទនេះតទៅ ជនជាតិអាល្លឺម៉ង់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា នឹងត្រូវបានអនុញ្ញាតិឱ្យចូលទៅក្នុងប្រទេស ជាមួយនឹងលទ្ធផលនៃការធ្វើតេស្តអវិជ្ជមាន ហើយបន្ទាប់មកពួកគេនឹងត្រូវ ដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ រីឯអ្នកទេសចរបរទេសមកពីប្រទេសឥណ្ឌា នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេសអាល្លឺម៉ង់ទៀតទេ។

តែលោក Mass នៅតែបញ្ជាក់ដដែលថា ប្រទេសអាល្លឺម៉ង់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយប្រទេសឥណ្ឌាយកឈ្នះលើវិបត្តិនេះ។

Reuters៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់