ព័ត៌មានជាតិ

ស្ថានភាព​សេដ្ឋកិច្ចតំបន់​អឺរ៉ុប ដាំ​ក្បាល​ចុះ​ជា​ថ្មី​ គឺបណ្តាល​មក​ពី​​វិធានការ​បិទខ្ទប់​ដើម្បី​ប្រឆាំង​នឹង​កូវីដ១៩ និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក់សាំង

តាម​ការ​ព្យាករ​ដំបូង​របស់​ការិយាល័យ​ស្ថិតិ​អឺរ៉ុប ផលិតសរុប​ក្នុង​ស្រុក​នៃ ១៩ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​ចុះ ០,៦% នៅ​ត្រីមាស​ទី១ ឆ្នាំ ២០២១ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ ០,៧% នៅ​ត្រីមាសទី៤ ឆ្នាំ ២០២០។ តាម​លក្ខណៈ​បច្ចេកទេស ការ​ធ្លាក់​ចុះ​ចំនួន ២ត្រីមាស​ជាប់​គ្នា​នេះ​មាន​ន័យ​ថា តំបន់​អឺរ៉ូ​មាន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ។ តែ​ការ​ធ្លាក់​ចុះ​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ការ​ធ្លាក់​ចុះ​នៅ​ត្រីមាសទី២ ឆ្នាំ ២០២០ ដែល​មាន​ដល់​ទៅ ១១,៦% និង​ត្រីមាសទី៣ ឆ្នាំ ២០២០ ដែល​មាន​ដល់​ទៅ ១២,៥%។ ក្នុង​ចំណោម​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​ដែល​គេ​មាន​ទិន្នន័យ ព័រទុយហ្កាល់​ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​មាន​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន ៣,៣% ក្រោម​សូន្យ​នៅ​ចន្លោះ​ខែ​មករា និង​មីនា​ឆ្នាំ ២០២១។

អាល្លឺម៉ង់​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ទី១ របស់​អឺរ៉ុប​ក៏​គេច​មិន​រួច​ដែរ​ដោយ​មាន​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន ១,៧% ក្រោម​សូន្យ អេស្ប៉ាញ​មាន ០,៥% ក្រោម​សូន្យ និង​អ៊ីតាលី​មាន ០,៤% ក្រោម​សូន្យ។ ដោយឡែក​នៅ​បារាំង កំណើន​តម្រូវការ​ក្នុង​ស្រុក​បាន​ធ្វើ​ឲ្យ​ប្រទេស​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ចំនួន ០,៤%។ លោក Andrew Kenningham អ្នក​វិភាគ​ម្នាក់​បាន​មើល​ឃើញ​ថា អត្រា​សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ូ​សព្វថ្ងៃ​បន្ត​មាន​កម្រិត​ទាប​ជាង​កម្រិត​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩ ចំនួន ៥,៥%។ ចំណែក​អាមេរិក និង​ចិន​ហាក់​កំពុង​រំកិល​រក​ឃើញ​ឡើង​វិញ​នូវ​កម្រិត​កំណើន​សេដ្ឋកិច្ច​ដូច​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩។

ជាក់ស្តែង​ចន្លោះ​ខែ​មករា និង​មីនា​ឆ្នាំ ២០២១ អាមេរិក​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ ២០០៣។ ចំណែក​ចិន​បាន​ស្គាល់​អត្រា​ផលិផល​សរុប​ក្នុង​ស្រុក​ហក់​ឡើង​ដល់​ទៅ ១៨,៣% ក្នុង​រយៈពេល​ដូច​គ្នា​នេះ។ មាន​ហេតុផល​សំខាន់​ចំនួន ២ ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​តំបន់​អឺរ៉ូ​អូសជើង​ធៀប​នឹង​អាមេរិក និង​ចិន ទី១ ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដែល​តម្រូវ​ឲ្យ​បិទខ្ទប់​ប្រទេស​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​កូវីដ១៩ និង​ទី២ ភាព​យឺតយ៉ាវ​ក្នុង​ការ​ពន្លឿន​ផែនការ​ផ្តល់​សន្ទុះ​ដែល​ជា​ប្រាក់​កម្ចី​រួម​សម្រេច​បាន​នា​រដូច​ក្តៅ​ឆ្នាំ ២០២០។

យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​លោក Andrew Kenningham បាន​មើល​ឃើញ​ថា សេដ្ឋកិច្ច​អឺរ៉ុប​នឹង​ផ្តើម​ស្គាល់​ស្ថានភាព​ប្រសើរ​ឡើង​នៅ​ដំណាច់​ត្រីមាសទី២ ខាង​មុខ ព្រោះ​ការ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លើក​ចេញ​វិញ​នូវ​វិធានការ​បិទខ្ទប់៕

 

មតិយោបល់