នៅទីបំផុតបំណែកកាំជ្រួចចិនបានធ្លាក់ក្នុងមហាសមុទ្ទឥណ្ឌា ក្បែរកោះម៉ាឌីវ នៅថ្ងៃអាទិត្យទី ៩ ឧសភា វេលាម៉ោង ២ និង២៤នាទី ម៉ោងសកល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារអវកាសចិន។ អស់ជាច្រើនថ្ងៃមកហើយដែលអ្នកជំនាញអវកាសរង់ចាំតាមដាន ចោទសួរនិងចង់ដឹងថាតើ កាំជ្រួចទម្ងន់ដល់១៨តោនរបស់ចិន នឹងធ្លាក់នៅទីណាឱ្យប្រាកដនោះ។ ចិនខ្លួនឯងក៏មិនដឹងដែរ ថាកាំជ្រួចត្រូវត្រលប់មកផែនដីវិញ នៅពេលណា និងត្រូវធ្លាក់នៅត្រង់ណា។
តាំងពីពីរបីថ្ងៃកន្លងមកនេះ មានការបំប៉ោងព័ត៌មានគ្រប់បែបយ៉ាង ទាក់ទងនឹងការវិលត្រលប់មកផែនដីវិញនៃកាំជ្រួចចិន ដែលមានទម្ងន់អាចដល់ទៅ ១៨តោន។ អ្នកជំនាញអវកាសរុស្ស៊ីគិតថាកាំជ្រួចអាចនឹងធ្លាក់ដល់ផែនដីនៅថ្ងៃសៅរ៍ វេលាម៉ោង ២៣កន្លះ ម៉ោងសកលនៅម្តុំ ភាគខាងត្បូងប្រទសឥណ្ឌូណេស៊ី។ អាមេរិកថា ធ្លាក់នៅ ចន្លោះពីម៉ោង ២និង១៥នាទីម៉ោងសកលនាថ្ងៃអាទិត្យ នៅម្តុំឧបទ្វីបអារ៉ាប។ អ្នកជំនាញអឺរ៉ុបថាធ្លាក់នៅចន្លោះខ្សែស្របខាងជើង និងខាងត្បូង ទី ៤១ ត្រង់តំបន់ដែលពុំមានមនុស្សរស់នៅ។
ពាក្យចចាមអារាមបានជំរុញឱ្យអាជ្ញាធរចិនបានបញ្ចេញប្រតិកម្ម យ៉ាងខ្លីថា តាមធម្មតា ពេលត្រលប់មកវិញចូលដល់ក្នុងដែនបរិយាកាសផែនដី កាំជ្រួច នឹងត្រូវឆេះ ក្លាយជាកម្ទេច ហើយបើនៅសល់បំណែកខ្លះ ក៏វានឹងត្រូវធ្លាក់ក្នុងទឹក ដែលតំណាងឱ្យដល់៧០%នៃផ្ទៃភពផែនដី។ ដូច្នេះហានិភ័យបង្កគ្រោះថ្នាក់ដល់ភពផែនដី ដល់មនុស្ស មានតិចតួចស្តួចស្តើងណាស់។
តាមការពិត ចិនមិនអាចគ្រប់គ្រងការវិលត្រលប់នៃកាំជ្រួចរបស់ខ្លួន មិនមែនដោយហេតុមានម៉ាស៊ីនខូច ឬមានបញ្ហាបច្ចេកទេស ឬ បញ្ហាអ្វីដែលមិនអាចពន្យល់បានទេ គឺមកពីចេតនារបស់ចិនតែម្តង។ ពេលសាងសង់កាំជ្រួចបង្ហោះរ៉ុកកែតទៅអវកាសនោះ ចិន មិនបានដាក់កម្មវិធីសម្រាប់បញ្ជាការវិលត្រលប់ទេ គឺទុកឱ្យកាំជ្រួចត្រលប់មកវិញតាមដំណើរធម្មជាតិ។ ដំណើរធម្មជាតិនោះ គឺគ្រប់ឧបករណ៍ យានទាំងឡាយនៅពេលត្រលប់ជ្រែកចូលក្នុងដែនបរិយាកាសនៃភពផែនដីវិញ វានឹងបង្កបង្កើតឱ្យមានកម្លាំងទំនាញ កម្លាំងកកិត និងកំដៅខ្លាំងមហិមា ឆាបឆេះកម្ទេចយាននោះ ឱ្យខ្ទេចខ្ទី ស្ទើរម៉ត់ផង់ទាំងអស់ ឬទៅជាបំណែក កម្ទេចតូចៗ។ ហើយអ្នកជំនាញចិនរំពឹងលើបាតុភូតនេះ ទើបមិនកំណត់កម្មវិធីវិលត្រលប់។
ប៉ុន្តែជាមួយយានកាំជ្រួចដែលមានម៉ាសមាឌប្រមាណពី ១០ទៅ ១៨តោន កម្លាំងកកិតមិនអាចកម្ទេចបំផ្លាញកាំជ្រួច Longue-Marche អស់ទេ។ ជាពិសេសទៅទៀត បើតាមអ្នកជំនាញបារាំង កាំជ្រួចចិននេះទំនង ផលិតឡើងដោយសម្ភារៈមានធាតុមិនឆេះ មិនអាចបំបែកអស់ទេ។ ហេតុដូច្នេះហើយបានជាមាននៅសល់ដុំបំណែកធំៗធ្លាក់មកដី ដែលចិនគួរត្រៀមលក្ខណៈវិលត្រលប់ជាមុន។ ម្យ៉ាងវិញទៀត បំណែកលោហៈ ទោះតូចល្អិតផង់យ៉ាងណាក្តី បើមានចំនួនដល់ទៅរាប់តោន ធ្លាក់ស្រោចលើផែនដី វាមិនដែលល្អទេ។ កម្ទេចយានធ្លាក់មកក្នុងល្បឿន២០០គីឡូម៉ែត្រក្នុងម៉ោង លើផ្ទះប្រជាជន មិនបង្កគ្រោះថា្នក់ធ្ងន់ធ្ងរអ្វីដូច អាចម៍ផ្កាយធ្លាក់ក្នុងល្បឿន ៣៦០០០គ.ម./ម៉ោងមែន តែបើធ្លាក់ចំលើមនុស្សច្បាស់ជាស្លាប់ហើយ។ អ៊ីចឹងហើយបាន អ្នកជំនាញអាមេរិកផ្នែកសំរាមអវកាស ជំរុញឱ្យចិនគិតគូរមើលបច្ចេកវិទ្យានិងបេសកកម្មLongue-Marcheរបស់ចិនឡើងវិញ។
ប្រភព៖ RFI
មតិយោបល់