លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានទទួលស្គាល់ថា កូវីដ១៩ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាចមានឆ្លងរាលដាលយ៉ាងរហ័ស ក្នុងពេលដ៏ខ្លី ព្រោះតាមការសន្និដ្ឋានរបស់អ្នកជំនាញ គឺវាមានកម្លាំងឆ្លងខ្លាំងជាងកូវីដ១៩ទម្រង់ដើម និងកូវីដ១៩ទម្រង់បំប្លែងខ្លួនអង់គ្លេសទៅទៀត។ ក៏ប៉ុន្តែ លោកបានអះអាងថា រដ្ឋាភិបាលមានទំនុកចិត្ត ថាវ៉ាក់សាំងនឹងមានប្រសិទ្ធិភាពទប់ជាមួយកូវីដ១៩ ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា។ ហេតុដូច្នេះ វាជាការចាំបាច់បំផុត ដែលត្រូវតែបន្តការប្រឹងប្រែងចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ឧសភា នៅប្រទេសអង់គ្លេស ចំនួនអ្នកទទួលបានវ៉ាក់សាំង១ដូស គឺមាន៣៦លាននាក់ និងបានទទួលគ្រប់២ដូស គឺមាន២០លាននាក់។ ក្នុងន័យប្រុងប្រយ័ត្នជាមួយកូវីដ១៩ ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាជ្ញាធរសុខាភិបាលអង់គ្លេស បានបង្ខិតគំលាតចាក់វ៉ាក់សាំងទាំង២ដូស ពី៣ខែ មកនៅត្រឹម២ខែវិញ សម្រាប់អ្នកមានអាយុលើសពី៥០ឆ្នាំឡើងទៅ។ តំបន់ដែលមានការឆ្លងរាលដាល មេរោគនេះខ្លាំង អាជ្ញាធរអង់គ្លេសបានបង្កើនសមត្ថភាពធ្វើតេស្ត។

យោងតាមគណកម្មាធិការវិទ្យាសាស្ត្រ ដែលផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលអង់គ្លេស គឺ កូវីដ១៩ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាចមានកម្លាំងឆ្លងរាលដាល លើសកូវីដ១៩ទំរង់បំប្លែងខ្លួនអង់គ្លេស ប្រមាណជា៥០%។ ប្រការនេះបានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ខ្លាចថា អង់គ្លេសនឹងត្រូវគ្របសង្កត់ដោយរលកឆ្លងរាលដាលខ្លាំងជាថ្មីម្តងទៀត ដូចកាលពីចុងឆ្នាំ២០២០៕
មតិយោបល់