សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងជាសំណុំរឿងដ៏ស្មុគស្មាញ អូសបន្លាយដែលអាស្រ័យលើកត្តាច្រើន ពិសេសគឺជំហររបស់អាមេរិក។ លោកមូន ចៃអ៊ីនបានដឹងច្បាស់ណាស់ថា បើទោះបីជានយោបាយជ្រើសយកផ្លូវចរចា និងការផ្សះផ្សាររបស់លោកចំពោះមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានហុចលទ្ធផលវិជ្ជមានក៏ដោយក៏វានៅមិនទាន់គ្រប់គ្រាន់ដើម្បីអាចឈានទៅមានសន្តិភាពយូរអង្វែង និងការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបានដែរ។
គេបានសង្កេតឃើញថា សូម្បីនៅជំនាន់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំក៏មានការផ្ទុះសង្រ្គាមពាក្យសម្តីរវាងលោកត្រាំ និងលោកគីម ជុងអ៊ុនដែរ នោះបើទោះបីជាឥស្សរជនទាំងពីរបានជួបគ្នាផ្ទាល់ដល់ ទៅ ៣ដងក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងព្យុងយ៉ាងថែមទាំងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលីស្ទិកប្រកបដោយជោគជ័យ។ គួរបញ្ជាក់ថាសម្រាប់ក្រុងព្យុងយ៉ាង នុយក្លេអ៊ែរ និងគ្រាប់មីស៊ីលជាអាយុជីវិតជាតិដែលមិនអាចបោះបង់ចោលងាយៗដោយគ្មានលក្ខខណ្ឌទេ។
លក្ខខណ្ឌនោះ គឺការលើកទណ្ឌកម្មអន្តរជាតិចេញវិញដោយមានការធានាពីអាមេរិក។ តែមកទល់ពេលនេះ ក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងនៅបន្តមិនទុកចិត្តគ្នា និងបន្តមើលបណ្តាំគ្នាទៅវិញ ទៅមក។
នៅម្ខាង ក្រុងព្យុងយ៉ាងទាមទារឲ្យក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មមុនទើបខ្លួនរំសាយនុយក្លេអ៊ែរ។ នៅម្ខាងទៀត ក្រុងវ៉ាស៊ីនតោនទាមទារឲ្យក្រុងព្យុងយ៉ាងរំសាយនុយក្លេអ៊ែរមុនទើបខ្លួនដកទណ្ឌកម្ម។ ដរាបណាភាពមិនទុកចិត្តគ្នានេះនៅបន្ត ប្រហែលគ្មានថ្ងៃបិទបញ្ចប់សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខទេ៕
មតិយោបល់