ប្រឈមនឹងបញ្ហាកង្វះវ៉ាក់សាំងបង្ការកូវីដ១៩ ដែលតៃវ៉ាន់កំពុងជួបប្រទះពេលនេះ សំឡេងគាំទ្រចិននៅតៃវ៉ាន់ឲ្យប្រើវ៉ាក់សាំងចិនកំពុងបន្តមានឡើងយ៉ាងផុសផុល។ សម្រាប់តៃវ៉ាន់ ចិនកំពុងឆ្លៀតទាញចំណេញនយោបាយពីបញ្ហាកង្វះវ៉ាក់សាំងនៅតៃវ៉ាន់ដើម្បីឲ្យមានការប្រើវ៉ាក់សាំងចិន។
គួររម្លឹកថាខណៈនេះ ក្នុងចំណោមប្រជាជនតៃវ៉ាន់សរុបទាំង ២៤លាននាក់ មានមិនដល់ ១% ផងបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ វ៉ាក់សាំងដែលតៃវ៉ាន់កំពុងប្រើគឺវ៉ាក់សាំង Moderna និង AstraZeneca ពោលមិនមែនវ៉ាក់សាំងចិនទេ។ តែវ៉ាក់សាំងដែលតៃវ៉ាន់កំពុងរំពឹងខ្លាំងជាងគេ គឺវ៉ាក់សាំងធ្វើខ្លួនឯងដែលសង្ឃឹមមាននៅរដូវក្តៅខាងមុខ។ ក្នុងសប្តាហ៍កន្លងទៅ តៃវ៉ាន់បានទទួលវ៉ាក់សាំងតែ ៣០០ ០០០ដូសប៉ុណ្ណោះក្នុងចំនួនវ៉ាក់សាំង ២០លានដូសដែលខ្លួនបានកម្ម៉ង់ទិញពីមន្ទីរពិសោធន៍ Moderna និង AstraZeneca។
ការផ្គត់ផ្គង់មិនទាន់ពេល ឬការពិបាកជញ្ជូនឲ្យតៃវ៉ាន់ត្រូវបានរដ្ឋាភិបាលតៃវ៉ាន់ទម្លាក់ការទទួលខុសត្រូវមួយផ្នែកលើរដ្ឋាភិបាលក្រុងប៉េកាំង។ តាមប្រភពផ្លូវការចុះផ្សាយដោយកាសែតតៃវ៉ាន់ ចិនប្រហែលជាបានរារាំងចំនួនពីរដងលើការដឹកជញ្ជូនវ៉ាក់សាំងទៅឲ្យតៃវ៉ាន់តាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ ក្រុងតៃប៉ិកក៏បានបង្ហើបឲ្យដឹងនាខែកុម្ភៈកន្លងទៅថា ការដែលខ្លួនចរចាទិញវ៉ាក់សាំងពីមន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech មិនបានសម្រេចក៏ដោយសារមានការលូកដៃរាំរាំងពីចិនដែរ។ «ការទទួលបានវ៉ាក់សាំងរបស់តៃវ៉ាន់កំពុងបន្តរារាំងដោយចិន» នេះជាការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតីតៃវ៉ាន់កាលពីថ្ងៃពុធ ទី១៩ ឧសភា។
តែដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងដោយបន្តមិនប្រើវ៉ាក់សាំងចិន តៃវ៉ាន់កំពុងប្រើគ្រប់មធ្យោបាយដើម្បីទទួលបានចំនួនដូសដែលខ្លួនបានកម្មង់ទិញពី Moderna និង AstraZeneca។ ក្តីសង្ឃឹមមួយទៀតរបស់តៃវ៉ាន់ក្នុងពេលដែលកំពុងរង់ចាំវ៉ាក់សាំងធ្វើខ្លួនឯង គឺការទទួលបានជំនួយវ៉ាក់សាំងខ្លះពីក្នុងចំនួនវ៉ាក់សាំងប្រមាណ ២០លានដូសដែលរដ្ឋបាលអាមេរិករបស់លោកបៃដិនសន្យាផ្តល់ឲ្យប្រទេសដែលកំពុងជួបបញ្ហាកង្វះវ៉ាក់សាំង។ គឺជាជំនួយមួយដែលអាមេរិកពិបាកបដិសេធ ខណៈដែលអាមេរិកកំពុងទប់ឥទ្ធិពលរបស់ចិនទៅលើតៃវ៉ាន់៕
មតិយោបល់