សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចាប់ផ្ដើមបើកសំណុំរឿងដើម្បីរកវិធានការលើក្លិបទាំងបី Barcelona, Real Madrid និង Juventus ដែលមិនទាន់ដកខ្លួនពីពានក្រៅក្របខណ្ឌ European Super League។
ក្រុមចំណោម ១២ក្លិបនៃបានរួមគ្នាបង្កើតពាន European Super League មានតែក្លិបយក្ស ៣នេះទេដែលមិនទាន់ដកខ្លួន ក្រៅពីនោះសុទ្ធតែបានដកខ្លួនភ្លាមៗ បន្ទាប់ពីមានការថ្កោលទោសពីមជ្ឈដ្ឋានទូទៅ ជាពិសេសដែលរួមមានទាំងបាតុកម្មពីក្រុមអ្នកគាំទ្រ។
UEFA បានបញ្ជាក់ថា ក្លិបទាំង៣ នឹងទទួលពិន័យគេចមិនផុត តែស្ថានទម្ងន់នៃការដាក់ពិន័យកម្រិតណា នឹងត្រូវបានប្រកាសនៅពេលខាងមុខ។ ក្លិបទាំង ៩ ដែលបានដកខ្លួនមុនរួមមានក្លិបអង់គ្លេសទាំង ៦៖ Manchester City, Manchester United, Arsenal, Chelsea, Tottenham Hotspur, Liverpool, ក្លិបអ៊ីតាលី Inter Milan, AC Milan និងក្លិបអេស្ប៉ាញ Atletico Madrid ក៏នឹងត្រូវទទួលពិន័យផងដែរ។
ក្លិបទាំង ៩ ខាងលើក៏បានយល់ព្រមក្នុងការទទួលពិន័យដែរ គឺពិន័យរួមគ្នា ១៥លានអឺរ៉ូ ដែលទឹកប្រាក់ទាំងអស់នេះនឹងយកទៅអភិវឌ្ឍបាល់ទាត់ក្នុងតំបន់អឺរ៉ុប។ ដោយឡែកលោក Florentino Perez ប្រធានក្លិប Real Madrid និងជាប្រធាន European Super League ដែរនោះធ្លាប់បាននិយាយកាលពីដើមខែកន្លងមកដែរថា ក្លិបទាំង ១២ ដែលរួមគ្នាបង្កើតពាននេះមិនអាចចាកចេញបែបនេះទេ ដោយពួកគេសុទ្ធតែមានការចងក្រងដោយកិច្ចសន្យា៕
មតិយោបល់