លោកស្រី Margrethe Vestager ស្នងការអឺរ៉ុប ទទួលបន្ទុកការប្រកួតប្រជែង បានលើកឡើងថា ហ្វេសប៊ុក កើបប្រមូលទិន្នន័យយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកប្រើប្រាស់ទូទៅ ព្រមទាំងអាចកើបប្រមូលទិន្នន័យពាណិជ្ជកម្ម របស់ក្រុមហ៊ុននានា ដែលចូលមកផ្សាយពាណិជ្ជកម្ម នៅលើហ្វេសប៊ុក។ ក្នុងន័យនេះ គឺហ្វេសប៊ុក អាចមានលទ្ធភាព ប្រើប្រាស់ទិន្នន័យទាំងនេះ ដើម្បីវាយលុក ឲ្យចំអតិថិជន នៅលើបណ្តាញមួយទៀតរបស់ខ្លួន ឈ្មោះ Facebook Marketplace។
សូមបញ្ជាក់ថា Facebook Marketplace គឺជាបណ្តាញសង្គមមួយទៀត របស់ក្រុមហ៊ុនហ្វេសប៊ុក តែបណ្តាញនេះ គឺជាទីកន្លែងដែលដាក់លក់សម្ភារៈ ទំនិញ សព្វសារពើ។ គណកម្មការអឺរ៉ុប កំពុងតែសង្ស័យថា ក្រុមហ៊ុនហ្វេសប៊ុក បានបំពានអំណាច នៅក្នុងបទវិធានប្រកួតប្រជែងដោយស្មោះត្រង់ ព្រោះក្រុមហ៊ុននានា ដែលមកផ្សាយពាណិជ្ជកម្ម លក់ផលិតផលលើហ្វេសប៊ុក បានផ្តល់ទិន្នន័យពាណិជ្ជកម្មទៅឲ្យហ្វេសប៊ុក។ ហ្វេសប៊ុក អាចយកទិន្នន័យទាំងនោះ ទៅប្រើប្រាស់ ដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុនទាំងនោះវិញ។
ដោយឡែក អាជ្ញាធរគ្រប់គ្រងការប្រកួតប្រជែង របស់ប្រទេសអង់គ្លេស ក៏បានបើកការស៊ើបអង្កេតមួយដែរ លើក្រុមហ៊ុនហ្វេសប៊ុក ដោយផ្តោតលើបណ្តាញមួយទៀត របស់ហ្វេសប៊ុក ឈ្មោះ Facebook Dating ដែលជាបណ្តាញ រកគូស្រករតាមអនឡាន។ អាជ្ញាធរអឺរ៉ុប និងអង់គ្លេស អះអាងថា គេនឹងសហការគ្នា នៅក្នុងការស៊ើបអង្កេតទាំងនេះ។
គណកម្មការអឺរ៉ុប បានជូនដំណឹងពីការបើកការស៊ើបអង្កេតនេះ ទៅកាន់អាជ្ញាធរប្រកួតប្រជែង តាមប្រទេសសមាជិកទាំងអស់។ មិនមានកាលបរិច្ឆេទកំណត់ណាមួយ ថាត្រូវបិទបញ្ចប់ការស៊ើបអង្កេតនេះនៅពេលណាទេ។ យូរឬឆាប់ គឺវាអាស្រ័យ លើការសហការរបស់ក្រុមហ៊ុនហ្វេសប៊ុក។
មតិយោបល់