រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា កម្ពុជារំពឹងថា នឹងទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២លានដូសបន្ថែមទៀត ដែលនឹងដឹកមកដល់កម្ពុជាក្នុងខែមិថុនានេះផងដែរ បន្ទាប់ពីវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀត ដែលក្នុងនោះមាន វ៉ាកសាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនស៊ីណូវ៉ាក់ និងវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៥០ម៉ឺនដូស ដែលជាជំនួយឥសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេសនោះ។
មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា កម្ពុជាក៏បានបញ្ជាទិញរួចហើយ នូវវ៉ាក់សាំងចំនួន៤លានដូសផ្សេងទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈការបញ្ជាទិញពីក្រុមហ៊ុនស៊ីណូហ្វាម ចំនួន៤លានដូសដូចគ្នាផងដែរ។ ប៉ុន្ដែមកទល់ពេលនេះ គិតត្រឹមខែមិថុនា កម្ពុជាទើបទទួលបាន១លានដូសនៅឡើយ ដូច្នេះនៅសល់ក្នុងកិច្ចសន្យា ចំនួន៣លានដូសបន្ថែមទៀត នៅក្រុមហ៊ុនស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ៣លានដូសដូចគ្នា។ លោកជំទាវ យក់ សម្បត្តិ បានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហាក់ដូចមានភាពងាយស្រួល ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក៏ពិតមែន ប៉ុន្ដែធាតុពិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមានទាំងការសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលចិន ដើម្បីជួយសម្រួលក្នុងផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ។
ពាក់ព័ន្ធជាមួយវ៉ាក់សាំងដែលទើបមកដល់ នឹងត្រៀមមកដល់នៅថ្ងៃទី១២ និងថ្ងៃទី១៩ ខែមិថុនាខាងមុខនោះ ត្រូវបានលោកជំទាវរដ្ឋលេខាធិការបញ្ជាក់ថា នឹងសម្រុកចាក់ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលក្នុងផែនការរបស់គណៈកម្មការចំពោះកិច្ច នឹងចាក់ឱ្យអស់នៅក្នុងអំឡុងចុងខែមិថុនាខាងមុខនេះ ទើបបន្ដទៅខេត្តកណ្ដាល និងទីប្រជុំជនមួយចំនួនទៀត ហើយក្នុងផែនការរបស់រាជរដ្ឋាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នឹងពង្រាយទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដែលមានហានិភ័យខ្ពស់ ពិសេសខេត្តដែលមានរោងចក្រច្រើន។ ដោយឡែកកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារមួយឃ្លានៅលើការបញ្ចេញមតិ តាមរយៈទំព័រហ្វេសប៊ុកផេកចម្រៀងគ្រួសារខ្មែរ ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយថា «ប្រទេសយើងក្រ តែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ»។
គួរបញ្ជាក់ថាគិតមកដល់ថ្ងៃទី ០៨ ខែ មិថុនានេះ កម្ពុជាបានទទួលវ៉ាក់សាំងចំនួនជាង ៧លានដូសរួចហើយ ភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះរួមមាន វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន២លាន២សែនដូស វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ដែលជាការបញ្ជាទិញពីប្រទេសចិនចំនួន ៤លាន៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា(AstraZeneca)ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤ ០០០ដូស។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាដែលមានចំនួនជាង២លាន៧សែននាក់ ស្មើនឹងជាង ២៧ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងរួចរាល់ហើយដែរ៕
មតិយោបល់