ការិយាល័យរបស់អង្គការសហប្រជាជាតិប្រឆាំងថ្នាំញៀន និងឧក្រិដ្ឋកម្ម (UNODC) បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ការជួញដូរថ្នាំញៀនមេតំហ្វេតាមីន ដែលរហូតមកទល់ពេលនេះជាថ្នាំញៀនពេញនិយមបំផុតនៅក្នុងតំបន់នេះ បានធ្លាក់ចុះតែបន្តិចប៉ុណ្ណោះក្នុងអំឡុងមានការរាតត្បាតពីជំងឺកូវីដ១៩ ក៏ប៉ុន្តែជំនួញថ្នាំញៀននេះបានកើនឡើងវិញលើសកាលពីឆ្នាំមុន។
របាយការណ៍នោះបានបញ្ជាក់ថា អាជ្ញាធរនៅតំបន់អាស៊ី បានរឹបអូសបានថ្នាំញៀន មេតំហ្វេតាមីនជិត១៧០តោនកាលពីឆ្នាំទៅ គឺកើនឡើង១៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។
នៅក្នុងកិច្ចខំប្រឹងប្រែងគេចពីវិធានការរឹតត្បិតទប់ទល់ជំងឺកូវីដ១៩ ក្រុមឧក្រិដ្ឋជនបានបង្កើនការនាំចេញគ្រឿងញៀនកាត់តាមប្រទេសឡាវ ទៅកាន់កន្លែងជួញដូរគ្រឿងញៀននៅក្នុងប្រទេសថៃ និងវៀតណាម។
របាយការណ៍នោះបានកត់សម្គាល់ថា ផលិតកម្មថ្នាំញៀនមេតំហ្វេតាមីនទ្រង់ទ្រាយធំបានលេចឡើងនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាមន្ត្រីអង្គការសហប្រជាជាតិថា ផលិតផលថ្នាំញៀននៅក្នុងប្រទេសនេះ ចុះថយទៅតាមស្ថានភាពប្រភពថ្នាំញៀនខុសច្បាប់នៅក្នុងរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា។
តម្លៃលក់ដុំនៃគ្រឿងញៀនមេតំហ្វេតាមីន បានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងប្រទេសថៃ បណ្តាលមកកំណើនការផ្គត់ផ្គង់៕
មតិយោបល់