បើសឹនអ្នកជាមនុស្សម្នាក់ដែលមានទម្លាប់ញ៉ាំអ្វីក៏ត្រូវតែមានទឹកត្រីម្ទេសដើម្បីបន្ថែមភាពប្រៃនៅក្នុងអាហារជាប្រចាំដោយអាងហេតុផលថា ទាល់តែប្រៃបន្តិចទើបឆ្ងាញ់នោះ តើមានអ្នកណាដឹងខ្លះទេថា ភាពឆ្ងាញ់ដែលយើងបានទទួលនោះ នឹងក្លាយជា”ក្តីមហន្តរាយស្ងាត់ៗ” ដែលបំផ្លាញសុខភាពរបស់យើងដោយមិនដឹងខ្លួន។
ជាទូទៅរាងកាយមនុស្សយើងត្រូវការសូដ្យូមប្រមាណ 2.400 មិល្លីក្រាមក្នុងមួយថ្ងៃ ឬគិតជាអំបឹលក៏ត្រឹមតែប្រមាណជា 1ស្លាបព្រាកាហ្វេប៉ុណ្ណោះ តែបច្ចុប្បន្នមនុស្សភាគច្រើនញ៉ាំសូដ្យូមលើសពីភាពចាំបាច់ដល់ទៅជាង 3 ដងឯណោះ ដូច្នេះនៅពេលយើងញ៉ាំប្រៃចូលទៅច្រើនលើសពីរាងកាយយកទៅប្រើប្រាស់អស់នោះ យូរថ្ងៃទៅ បើមិនព្រមផ្លាស់ប្តូរទង្វើក្នុងការបរិភោគទេនោះ វានឹឹងនាំឆ្ពោះទៅរកបច្ច័យប្រថុយរបស់ជំងឺផ្សេងៗ ដូចជា ៖
ជំងឺសម្ពាធឈាមឡើងខ្ពស់(លើសឈាម)
នៅក្នុងរាងកាយយើងមានក្រលៀនជាអវយវៈដែលជួយសម្រួលកម្រឹតសូដ្យូម និងទឹកក្នុងរាងកាយឱ្យស័ក្តិសម តែនៅពេលណាដែលរាងកាយមានសូដ្យូមខ្ពស់ ហើយក្រលៀនមិនអាចសម្រួលសូដ្យូមឱ្យស័ក្តិសមជាមួយនឹងទឹកបាន បរិមាណសូដ្យូម និងទឹកក្នុងរាងកាយក៏នឹងកើនខ្ពស់ឡើង ឈាមដែលមានទឹកជាចំណែកផ្សំសំខាន់ក៏នឹងខ្ពស់ឡើង និងមានឈាមរត់ឆ្លងទៅរកសរសៃឈាមកាន់តែច្រើនឡើង ធ្វើឱ្យកើតសម្ពាធឈាមឡើងខ្ពស់នៅទីបំផុត។
ជំងឺបេះដូង
នៅពេលសម្ពាធឈាមឡើងខ្ពស់ បេះដូងក៏ត្រូវតែស្រូបច្របាច់ឈាមខ្លាំងឡើង លោតកាន់តែញាប់ឡើង ព្រោះបរិមាណឈាមក្នុងរាងកាយឡើងខ្ពស់ដែលក្រៅពីមានផលដល់សម្ពាធឈាមហើយនោះ បរិមាណសូដ្យូមដែលច្រើនជ្រុលនឹងបង្កឱ្យកើតអាការខ្លួនប្រាណឡើងហើមដែលបើសឹនជាកើតធ្ងន់ធ្ងរនោះអាចដល់ថ្នាក់ធ្វើឱ្យគាំងបេះដូងបាន។
ជំងឺក្រលៀន
នៅពេលកើតជំងឺលើសឈាម ក្រលៀនត្រូវតែធ្វើការធ្ងន់ខ្លាំងឡើងជារឿយៗ ហុចផលឱ្យក្រលៀនចុះខ្សោយមិនអាចបញ្ចេញវត្ថុអាក្រក់ក្នុងរាងកាយមកក្រៅបាន និងកើតជំងឺខ្សោយក្រលៀន គាំងក្រលៀន។
ស្ពឹកពិការ
បើកើតជំងឺលើសឈាមរយៈពេលយូរ ក៏នឹងកើតការបំផ្លាញជញ្ជាំងសរសៃឈាម និងនាំឆ្ពោះទៅរកការបំផ្លាញអវយវៈកន្លែងសំខាន់ ជាពិសេសខួរក្បាលដែលមានភាពប្រថុយនឹងការកើតជំងឺស្ពឹកពិការមួយចំហៀងខ្លួនដោយសារតែជំងឺសរសៃឈាមក្នុងខួរក្បាលបែក ត្បៀត និងស្ទះ។
មិនមែនតែប៉ុណ្ណឹងទេ ការញ៉ាំប្រៃខ្លាំងជ្រុល នៅហុចផលឱ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរឡើង ជាមូលហេតុធ្វើឱ្យកើតអាការឈឺក្បាល(ម៉ៃក្រេន) រួមទាំងបន្ថែមភាពប្រថុយក្នុងការកើតជំងឺពុកឆ្អឹង និងមហារីកក្រពះអាហារទៀតផង។បើអាចទៅរួច អ្នកណាដែលចូលចិត្តញ៉ាំប្រៃជាប្រចាំនោះ គួរបន្ថយការញ៉ាំប្រៃឱ្យតិចជាងមុន និងហាត់ប្រាណជាប្រចាំនឹងជួយឱ្យអ្នកមានសុខភាពកាន់តែល្អឡើង៕
មតិយោបល់