(ព័រអូប្រាំង)៖ ប៉ូលិសហៃទីបានចាប់ខ្លួនបុរសជាពលរដ្ឋហៃទីម្នាក់ដែលត្រូវបានសង្ស័យថាមាន «ចេតនានយោបាយ» នៅក្នុងការជ្រើសរើសសមាជិកឃាតកឱ្យធ្វើ ឃាតប្រធានាធិបតីហៃទី លោក Jovenel Moise កាលពីសប្ដាហ៍មុន ហើយបើតាមផែនការ ក្រុមឃាតកដំបូងឡើយមានគម្រោងចាប់ខ្លួនលោកប្រធានាធិបតី Moise ទាំងរស់។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មេប៉ូលិសជាតិហៃទី លោក Leon Charles បានឱ្យដឹងថា ជនសង្ស័យជាបុរសខាងលើ
ឈ្មោះ Christian Emmanuel Sanon មានអាយុ ៦៣ឆ្នាំ និងមានជាសញ្ជាតិហៃទី ហើយរូបគេបានធ្វើដំណើរជាមួយជនជាតិកូឡុំប៊ីជាច្រើននាក់មកកាន់ប្រទេសហៃទី តាមយន្ដហោះឯកជនមួយគ្រឿងកាលពីខែមិថុនាកន្លងទៅ។ លោក បន្ថែមទៀតថាបើតាមផែនការ ក្រុមឃាតកដំបូងឡើយមានគម្រោងចាប់ខ្លួន លោកប្រធានាធិបតី Moise ទាំងរស់ មិនមែនសម្លាប់នោះទេ តែពួកគេស្រាប់តែប្ដូរផែនការទៅវិញ។
ជនជាតិកូឡុំប៊ី ១៨នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃពុធសប្ដាហ៍មុនមក ហើយតាមរយៈការសួរចម្លើយ ប៉ូលិសហៃទីបានឱ្យដឹងថាជនឈ្មោះ Christian Emmanuel Sanon បានជ្រើសរើសសមាជិកក្រុមឃាតកចំនួន ២៦នាក់ តាមរយៈក្រុមហ៊ុនសន្តិសុខវេណេស៊ុយអេឡាមួយឈ្មោះ CTU មានមូលដ្ឋាននៅរដ្ឋផ្លររីដា សហរដ្ឋអាមេរិក ព្រមទាំងបានទំនាក់ទំនងជាមួយមនុស្ស ២នាក់ផ្សេងទៀតដែលគេជឿជាក់ថាជាអ្នករៀបចំផែនការសម្លាប់ លោក Moise។ តែលោក Charles មិនបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យទាំង២នាក់នេះឡើយ៕
ប្រភព៖ AFP
មតិយោបល់