ព័ត៌មានជាតិ

ហ្វីលីពីនរាយការណ៍ពីករណីឆ្លងវីរុសកូវីដ-១៩ បម្លែងថ្មី Delta នៅក្នុងស្រុកជាលើកដំបូង

 

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រ ទី១៦ ខែកក្កដានេះ បានប្រកាសពីការរកឃើញករណីឆ្លងក្នុងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពមកពីប្រទេសឥណ្ឌា) នៅក្នុងស្រុកជាលើកដំបូងបំផុត។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន ក្នុងចំណោមករណីឆ្លងថ្មីៗនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ចំនួន ១៦ករណី មាន ១១ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ខណៈ០៥ករណីទៀត គឺជាករណីនាំចូល។ ក្រសួងបន្ថែមថា អ្នកជំងឺម្នាក់ ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងរដ្ឋធានីម៉ានីល (Manila) កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ។

បច្ចុប្បន្ន ប្រទេសហ្វីលីពីន មានករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,៤៩០,៦៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៦,៣១៤នាក់ និងអ្នកជាសះស្បើយ ១,៤១៨,៨៥៦នាក់៕

ប្រភព៖ Reuters

 

 

មតិយោបល់