ព័ត៌មានជាតិ

​ប្រទេស​អាល្លឺម៉ង់៖ ​ភ្លៀង​ និង​ទឹក​ជំនន់បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ ​ខណៈមនុស្ស​ជាង​១ពាន់​នាក់​ទៀត​កំពុង​បាត់​ខ្លួន ​

ក្រុម​មន្ត្រី​នៅ​ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា ​ភ្លៀង​ និង​ទឹក​ជំនន់យ៉ាង​ខ្លាំងបាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ ​ខណៈមនុស្ស​ជាង​១ពាន់​នាក់​ទៀត​កំពុង​បាត់​ខ្លួន។​ ​

លោក ​Andreas Friedrich ​អ្នក​នាំពាក្យ​សេវាកម្ម​អាកាសធាតុ​អាល្លឺម៉ង់​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​CNN​ ថា ​«នៅ​ក្នុង​តំបន់​ខ្លះ​ យើង​មិន​បាន​ឃើញភ្លៀង​ដ៏​ច្រើន​បែប​នេះ​ទេ ​នៅ​ក្នុង​ពេល១​រយ​ឆ្នាំ»។​

ទូរទស្សន៍​អាល្លឺម៉ង់ ​Deutsche Welle ​បាន​បញ្ជាក់​ថា​ មនុស្ស​ស្លាប់​ភាគច្រើន​ស្ថិត​នៅ​តំបន់​ Rhine Westphalia ​ខាងជើង​ ​និង ​Rhineland-Palatinate ​ រីឯ​មនុស្ស​១៣០០នាក់​ទៀត​ កំពុង​បាត់​ខ្លួន​នៅ​ក្នុង​តំបន់ ​Ahrweiler ​ភាគ​និរតី​នៃ​ទីក្រុង​ Bonn ​ទីដែល​ទន្លេ ​Ahr ហូរចូល​ក្នុង​តំបន់ ​Rhine ​ បាន​ឡើង​ហៀរ​មាត់​ច្រាំង។​

កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​ជួប​ប្រទះ​បញ្ហា​ ដោយសារ​បណ្តាញ​ទូរស័ព្ទ​ និង​អ៊ីនធឺណិត​ ដាច់​នៅ​ក្នុង​តំបន់​នេះ។ ​ពួក​មន្ត្រី​និយាយ​ថា ​ទឹក​ជំនន់​បាន​បង្អាក់​ការ​ដឹក​ជញ្ជូន​តាមរទេះភ្លើង​ និង​តាម​ទន្លេ ​Rhine។​

រូបភាព​វីដេអូ​មើល​ពីលើតំបន់​នោះ​បាន​បង្ហាញ​ផ្ទះ​មួយ​ចំនួន​ហូរតាម​ទឹក ​ហើយ​ផ្លូវ​ថ្នល់​និង​ស្ពាន​ក៏​អ៊ីចឹង​ដែរ។ ​នៅ​ទីក្រុង ​Schuld ​នៅ​ក្នុង​សង្កាត់ ​Ahrweiler ​ភាគ​ខាង​ត្បូង​ ប៉ូលិស​និយាយ​ថា ​ផ្ទះ​ជា​ច្រើន​ខ្នង​បាន​ដួល​រលំ។ ​ពួក​មន្ត្រី​និយាយ​ថា ​សំណង់​ជា​ច្រើន​ក៏​កំពុង​ប្រឈម​គ្រោះថ្នាក់​ដោយ​ការ​ដួល​រលំ​ដែរ។​

បុគ្គលិក​ជួយ​សង្គ្រោះ និង​ទាហាន​បាន​ត្រូវ​បញ្ជូន​ទៅ​ជួយ​ប្រជា​ពលរដ្ឋ​ ដែល​អ្នក​ខ្លះ​បាន​ជាប់​នៅ​លើ​ដំបូល​ផ្ទះ។​ ទឹក​ជំនន់​យ៉ាង​ខ្លាំង​ក៏​មាន​នៅក្នុង​ប្រទេស​ប៊ែលហ្សុិក លុចសំបួ ​បារាំង ​និង​ហូឡង់​ផងដែរ៕​

 

 

មតិយោបល់