ភ្នំពេញៈ ទីតាំងហាងម៉ាស្សា និងកាត់សក់ចំនួន៤កន្លែង ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះសហការជាមួយកម្លាំងនគរបាលមូលដ្ឋានព្រមទាំងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យបែបបទជនអន្តោប្រវេសន៍ កាលពីវេលាម៉ោង ១៤ និង ៣០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការចាប់បង្រ្កាបនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីបានប្រាប់ឲ្យដឹងថា ដោយអនុវត្តនូវបញ្ជាពីលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍របស់ព្រះរាជាណាចក្រកម្ពុជាយើងឲ្យមានប្រសិទ្ធភាពខ្ពស់នោះទើបកម្លាំងរបស់លោក ចុះមកសហការជាមួយនិងកម្លាំងមូលដ្ឋានព្រមទាំងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនោះ បានចុះប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅតាមហាងកាត់សក់ចំនួន៤កន្លែង នៅផ្លូវកម្ពុជាក្រោមក្នុងសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញនេះដោយធ្វើការឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមចំនួន៧នាក់និងជនជាតិចិនម្នាក់ដែលកំពុងតែលួចស្នាក់នៅ និងបំពេញការងារដោយគ្មានលិខិតស្នាមអ្វីសោះឡើយ។
បច្ចុប្បន្នស្ត្រីជនជាតិវៀតណាមទាំង៧នាក់និងជនជាតិជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីរង់ចាំធ្វើការបណ្តេញចេញទៅតាមនីតិវិធីច្បាប់៕
មតិយោបល់