ទឹកភ្លៀងបានធ្លាក់ឥតឈប់ ក្នុងរយៈពេលតែ២៤ម៉ោង កម្ពស់ទឹកភ្លៀងបានឡើងដល់២០០មីល្លីម៉ែត្រ នៅតំបន់ឆ្នេរខាងលិច និងកន្លែងខ្លះដល់៩៥៤មីល្លឺម៉ែត្រ។ ទឹកទន្លេVashishti នៃតំបន់ប៊ុមបេ បានជន់ជោរ ក្លាយជាទឹកជំនន់លិច តំបន់ជុំវិញ និងបង្កឱ្យមានការហូរបាក់ដី យ៉ាងហោចបីកន្លែង។ ពលរដ្ឋរាប់សិបនាក់ត្រូវជាប់កុន និងយ៉ាងហោច៣៦នាក់បានស្លាប់ ព្រមទាំងជាច្រើនសិបនាក់ទៀតបាត់ខ្លួន នៅថ្ងៃសុក្រទី២៣កក្កដា២០២១នេះ។ នៅកន្លែងខ្លះត្រូវជន់លិចដល់កម្ពស់បីម៉ែត្រកន្លះ។នេះបើតាមការប្រកាសរបស់ប្រមុខដឹកនាំរដ្ឋមហារាស្ត្រា Maharashtra ដោយបញ្ជាក់ថា ទំនប់ បារាយ ស្ទឹង ក្នុងតំបន់សុទ្ធតែជន់ជោរ ទប់លែងជាប់ទាំងអស់ ដែលបង្ខំចិត្តឱ្យអាជ្ញាធរត្រូវជម្លៀសប្រជាពលរដ្ឋរស់តាមមាត់ទឹកទៅកាន់កន្លែងមានសុវត្ថិភាព។
នៅក្នុងក្រុងប៊ុមបេ ក្រុងសេដ្ឋកិច្ចរបស់ឥណ្ឌា មានមនុស្សយ៉ាងហោចណាស់៣៤នាក់បានស្លាប់ និងការបាក់រលំអាគារ ផ្ទះសម្បែង ដោយសារកម្លាំងទឹកភ្លៀងហូរបាក់ដី។
ប្រឈមនឹងស្ថានការណ៍ដែលពុំបានព្រាងទុកនេះ យោធាជើងទឹក ជើងអាកាស បានបញ្ចេញកងទ័ពមកធ្វើប្រតិបត្តិការសង្គ្រោះ។ ប៉ុន្តែទំហំនៃគ្រោះមហន្តរាយធំធេងខ្លាំង មានការហូរបាក់ដីផង បាក់ផ្លូវ បាក់ស្ពានផង ផ្លូវល្អត្រូវលិចទឹក ឬត្រូវគាំងស្ទះដោយរថយន្តកាមីញ៉ុងរាប់ពាន់គ្រឿង ទើបប្រតិបត្តិការជួបការស្មុគស្មាញខ្លាំង។ ជាសរុបភូមិស្រុករាប់រយនិងក្រុងជាង១០នៃរដ្ឋភាគលិច ត្រូវរងការខូចខាត គ្មានអគ្គីសនីនិងទឹកស្អាតប្រើប្រាស់ទេ។
សូមបញ្ជាក់ថាពីខែមិថុនាដល់ខែកញ្ញា ជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន និងតែងតែបណ្តាលឱ្យមានការជន់លិច និងបាក់រលំផ្ទះ ប៉ុន្តែសន្ធឹកនៃទឹកភ្លៀងកាន់តែកំណាច។ ឥណ្ឌាក៏ដូចបណ្តាតំបន់ផ្សេងៗ និងចិន រងគ្រោះកាន់តែខ្លាំងឡើងៗ ដោយគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលបើតាមអ្នកជំនាញឧតុនិយម ការប្រែប្រួលអាកាសធាតុ បានជំរុញឱ្យរដូវវស្សា និងទឹកភ្លៀងមូសុងកាន់តែកំណាច៕



មតិយោបល់