(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ ដែលទីក្រុងព្យុងយ៉ាងកាត់ផ្តាច់មួយឆ្នាំមុន នៅពេលទំនាក់ទំនងធ្លាក់ដុនដាបខ្លាំងនោះ ឡើងវិញហើយ ខណៈមេដឹកនាំប្រទេសទាំងពីរ បាននិងកំពុងប្រឹងប្រែងស្តារចំណងទាក់ទង។ នេះបើតាម
ការអះអាងពី វិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ។
បើតាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចែអ៉ីន និងមេដឹកនាំកូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន ប៉ុន្មានខែមកនេះ បានផ្ញើលិខិតឆ្លើយឆ្លងគ្នាទៅវិញទៅមក ក្រោមគោលដៅរិះរកវិធី ដើម្បីផ្សះផ្សាទំនាក់ទំនងឡើង ហើយលោកទាំងពីរ ក៏បានឈានដល់ ការព្រមព្រៀងគ្នាតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េឡើងវិញ ដែលជាជំហានដំបូង ក្នុងការឆ្ពោះទៅសម្រេចគោលដៅនេះ។
ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់កូរ៉េខាងជើង KCNA ក៏បានទទួលស្គាល់រឿងនេះ ហើយចាត់ទុកវាជាសញ្ញាវិជ្ជមានផងដែរ។
កូរ៉េខាងជើងបានសម្រេចកាត់ផ្តាច់ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េ កាលពីខែមិថុនា ឆ្នាំ២០២០ ស្របពេលដែលទំនាក់ទំនង កាន់តែធ្លាក់ដុនដាបទៅៗ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ដែលបរាជ័យកាលពីខែកុម្ភៈ ឆ្នាំ២០១៩ រវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕
ប្រភព៖ Reuter
មតិយោបល់