ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថាគណបក្សសង្គ្រោះជាតិ មិនគួរយកបញ្ហាបុគ្គលរបស់លោក កឹម សុខា មកបិទបាំងកំហុសរបស់មេដឹកនាំរបស់ខ្លួននោះឡើយ។
ការលើកឡើងរបស់លោកអភិបាលបែបនេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីល្ងាច ថ្ងៃទី២ ខែកញ្ញា ពោលគឺក្រោយពីលោកបញ្ចប់ការធ្វើដំណើរចុះពិនិត្យភូមិសាស្ត្រដែលត្រូវអភិវឌ្ឍន៍ផ្លូវនៅសាងខាងផ្លូវរថភ្លើងចាស់ គិតចាប់ពីចំណុចផ្លូវលេខ៧០ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រហូតដល់ចំណុចគីឡូម៉ែត្រលេខ៦ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសជាក់ស្តែងក្នុងករណីអ្នកតំណាងរាស្ត្ររូបនេះ បដិសេធដីការកោះហៅរបស់តុលាការជាច្រើនលើក ក្នុងការចូលខ្លួនធ្វើជាសាក្សីពាក់ព័ន្ធរឿងសញ្ចារកម្មជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោក ប៉ា សុជាតិវង្ស បន្តថា «វាជារឿងគណបក្ស ប៉ុន្តែគេពុំគប្បីយករូបភាពមហាជនទៅការពារបុគ្គល! ចឹងយើងនៅតែអំពាវនាវចង់ឲ្យបុគ្គល លោក កឹម សុខា ត្រូវតែមានការទទួលខុសត្រូវជាមួយមុខច្បាប់ ហើយត្រូវខិតខំអនុវត្តតាមច្បាប់ និង មិនត្រូវគិតថា ការប្រមូលកម្លាំងដើម្បីបង្កើតឲ្យមានចលនាមួយប្រឆាំងច្បាប់ ដែលបញ្ហានេះ ជាកំហុស! ខ្ញុំគិតថា លោក កឹម សុខា ក៏ដូចជាគណបក្សសង្គ្រោះជាតិ នឹងពិចារណាបញ្ហានេះឡើងវិញ ព្រោះថា យើងជាអ្នកនយោបាយ យើងជាតំណាងរាស្ត្រ ជាសមាជិករដ្ឋសភា យើងគួរតែយល់ គួរតែធ្វើគំរូដល់ប្រជាពលរដ្ឋ ជាអ្នកឈានមុខគេក្នុងការអនុវត្តច្បាប់»។
លោកអភិបាលបន្តថា អ្នកនយោបាយត្រូវតែគោរពច្បាប់ ដូចជាប្រជាពលរដ្ឋសាមញ្ញា ដើម្បីកុំឲ្យផ្ទុយនឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវប្រទេសប្រកាន់យក និងអនុវត្ត។ លោកបញ្ជាក់ថា បុគ្គល ឬក្រុមដែលប្រព្រឹត្តខុស គឺមានច្បាប់ជាអ្នកកាត់តម្រឹម។ក្នុងរឿងស្នេហាក្រៅតម្រានេះ តុលាការក៏បានធ្វើការចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពីបទសូកប៉ាន់សាក្សី និងផ្សំគំនិតសូកប៉ាន់ឲ្យនាង ស្រីមុំ បង្ហាញសក្សីកម្មក្លែងក្លាយ។
តុលាការចាត់ទុកបទល្មើសរបស់លោក កឹម សុខា ដោយយោងតាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ១លានរៀល» ៕
មតិយោបល់