ព័ត៌មានជាតិ

លោក ចូ បៃដិន បន្ទោសរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ជាអ្នកបណ្ដោយឱ្យក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី

 

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានចេញមុខការពារការសម្រេចចិត្តរបស់លោកក្នុងការបន្តដក កងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយបន្ទោសទៅលើរដ្ឋាភិបាលទីក្រុងកាប៊ុលខ្លួនឯង ដែលជាអ្នកបណ្ដោយឱ្យក្រុមតាលីបង់ឡើងកាន់អំណាចគ្រប់គ្រងប្រទេស ជាថ្មី។

លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយចេញពីសេតវិមាន។ លោក បៃដិន ដែលកំពុងរងការរិះគន់យ៉ាងខ្លាំងក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រង អាហ្វហ្កានីស្ថានសាជាថ្មី បានសង្កត់ធ្ងន់ដូច្នេះថា៖ «ថ្នាក់ដឹកនាំនយោបាយអាហ្វហ្កានីស្ថានបានចុះចាញ់ ហើយរត់ចោលស្រុក រីឯយោធាអាហ្វហ្កានីស្ថានដួលរលំ ដោយសារតែមានពេលខ្លះ ពួកគេបានចុះចាញ់ដោយមិនបានចម្បាំងតទល់នឹងសត្រូវឡើយ…ដូច្នេះហើយការសម្រេចចិត្តដកកទ័ពចេញពីអាហ្វហ្កានីស្ថានគឺជារឿង ត្រឹមត្រូវ»។

លោក ចូ បៃដិន កាលពីខែកក្កដាកន្លងទៅ ធ្លាប់បាននិយាយថារដ្ឋាភិបាលអាហ្វហ្កានីស្ថាន នឹងមិនដួលរលំឡើយ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍អាមេរិក ព្យាករថារដ្ឋាភិបាលទីក្រុងកាប៊ុល នឹងដួលរលំក្រោយអាមេរិកដកទ័ពចេញទាំងស្រុង៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់