ព័ត៌មានជាតិ

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា អំពាវនាវឱ្យប្រជាជនចូលរួមក្នុងចលនាបះបោរប្រឆាំងរបបយោធា

(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលស្រមោល បង្កើតឡើងដោយក្រុមអ្នកប្រឆាំងនឹងការដឹកនាំរបស់យោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាមកពីគ្រប់ទិសទីចូលរួម ក្នុងចលនាបះបោរប្រឆាាំងនឹងរបបយោធា ដោយប្រកាសដាក់ចេញយុទ្ធសាស្ត្រថ្មីមួយ ក្នុងនោះរួមមានទាំងការកៀវគរកងកម្លាំងប្រដាប់អាវុធ, កងទ័ពជនជាតិដើមភាគតិច និងជំរុញឱ្យមន្ត្រីមីយ៉ាន់ម៉ាលាលែងចេញពីតំណែង។

នៅក្នុងសុន្ទរកថាមួយនៅថ្ងៃអង្គារនេះ លោក Duwa Lashi La ជាប្រធានាធិបតីស្ដីទីនៃរដ្ឋាភិបាលស្រមោល NUG បាននិយាយថារដ្ឋាភិបាលស្រមោលរបស់លោក បានប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងភាពអាសន្ន ហើយអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ា មកពីគ្រប់ទិសទីទាំងអស់ចូលរួមក្នុងចលនាបះបោរប្រឆាំងនឹងការដឹកនាំរបស់ យោធាដឹកនាំដោយលោក មីង អោង ហ្លេង ដែលលោកផ្ទាល់ហៅជាក្រុមភេរវករ។

លោកក៏បានជំរុញឱ្យកងកម្លាំងជនជាតិដើមភាគតិចនៅតាមតំបន់ព្រំដែនបើកការវាយប្រហារលើយោធាមីយ៉ាន់ម៉ាផងដែរ។ យោធាមីយ៉ាន់ម៉ាដែលប្រកាសចាត់ទុក រដ្ឋាភិបាលស្រមោលជាក្រុមភេរវករ មិនទាន់អត្ថាធិប្បាយអ្វីនៅឡើយទេ។ លោក មីន អោង ហ្លេង ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្នមីយ៉ាន់ម៉ា បានសន្យាថានឹងរៀបចម្ការបោះឆ្នោតថ្មីមួយនៅឆ្នាំ២០២៣៕

ប្រភព៖​​​​​​ Reuters

មតិយោបល់