មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និងទំលាក់គ្រាប់ប្លោងផង នៅតំបន់ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយប៉ុន្មានពីព្រំដែន រវាងភូមា និងឥណ្ឌា កាលពីថ្ងៃទី១៨កញ្ញា។ ប្រជាជនប្រមាណ ជាង៧០០០នាក់ ដែលរស់នៅក្នុងតំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យឃើញ អាគារ ផ្ទះសម្បែងជាច្រើនខ្នង ក្នុងក្រុង Thantlang ត្រូវរងការបំផ្លិចបំផ្លាញ ដោយគ្រប់ប្លោងរបស់កងទ័ពភូមា ដែលបានបង្កជាអគ្គីភ័យ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា ដែលស្រង់សំដីអ្នកភូមិ បានអះអាងថា មនុស្សសឹងទាំងអស់ នៅតំបន់ Thantlang បាននាំគ្នារត់ចេញ។ មានប្រមាណ៥០០នាក់ បានព្យាយាមរត់ឆ្លងទៅចូលទឹកដីឥណ្ឌា។
លោក ច មីនថុន អ្នកនាំពាក្យរដ្ឋាភិបាលរបបសិកភូមា បានបញ្ជាក់ថា ពិតជាមានការវាយប្រយុទ្ធគ្នាមែន កាលពីថ្ងៃទី១៨កញ្ញា តែដោយមិនបានបញ្ជាក់អំពីចំនួនមនុស្សស្លាប់ ឬរបួសទេ។ លោកអះអាងទៀត ថាពិតជាមានអាគាររដ្ឋ បានរងការខូចខាត ដោយអគ្គីភ័យ បង្ករឡើងដោយការប្រយុទ្ធគ្នា។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនមានប្រភពព័ត៌មានច្បាស់ការណាមួយ បញ្ជាក់អំពីព័ត៌មានលំអិត ស្តីពីក្រុមប្រដាប់អាវុធប្រឆាំងរបបសិក នៅក្នុងរដ្ឋឈីន នេះទេ។ តែយ៉ាងណា រដ្ឋឈីន ដែលសំបូរទៅដោយជនជាតិភាគតិចឈីន គឺជារដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួន ដែលមានទំនោរប្រឆាំង នឹងអំណាចកៀបសង្កត់ របស់កងទ័ពភូមា។ ក្រុមជនជាតិភាគតិច តាមរដ្ឋទាំងនោះ បានប្រមូលកម្លាំងរៀងៗខ្លួន ដើម្បីប្រយុទ្ធតស៊ូ ប្រឆាំងនឹងរបបសិកភូមា ដែលបានធ្វើរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១។
គួររំលឹកផងដែរថា រហូតមកទល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយណាមួយទេ ទាក់ទិននឹងវិបត្តិនយោបាយនៅភូមា។ មិនថាក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ឬក្របខណ្ឌអាស៊ាន ការចរចាបើកផ្លូវសម្រុះសម្រួលនយោបាយ ជាមួយភាគីភូមាទាំងអស់ នៅតែគ្មានពន្លឺអ្វីទាល់តែសោះ។ ក្រោយការធ្វើរដ្ឋប្រហារថ្ងៃទី ១កុម្ភៈ ប្រជាជនភូមាបានចេញធ្វើបាតុកម្មយ៉ាងកុះករ។ បាតុកម្មដែលបានរងការបង្រ្កាប ពីសំណាក់កងទ័ព បណ្តាលឲ្យស្លាប់យ៉ាងហោច ១១០០នាក់ និង ៦៥០០នាក់ទៀត ត្រូវជាប់ឃុំ។ យោងតាមអង្គការជួយអ្នកទោសនយោបាយនៅភូមា (AAPP) មានករណីធ្វើទារុណកម្ម រំលោភសេពសន្ទវៈ និងការសម្លាប់ក្រៅប្រពន្ធច្បាប់ ធ្វើទៅលើអ្នកទោស។ ក្រៅពីបញ្ហាវិបត្តិនយោបាយដ៏ជ្រៅ ប្រជាជនភូមាកំពុងឆ្លងកាត់ការលំបាក ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលដ៏ធ្ងន់ធ្ងរផងដែរ ដោយសារតែជំងឺឆ្លងកូវីដ១៩៕



មតិយោបល់