ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ មិនបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង និងរថយន្តឈ្នួល ដែលមានលក្ខណៈចង្អៀតណែន ទៅកាន់ស្រុកកំណើតក្នុងឱកាស បុណ្យភ្ជុំបិណ្ឌឡើយ

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ មិនបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង និងរថយន្តឈ្នួល ដែលមានលក្ខណៈចង្អៀតណែន ទៅកាន់ស្រុកកំណើតក្នុងឱកាស បុណ្យភ្ជុំបិណ្ឌឡើយ ដោយហេតុផលថា ការនេះបានល្មើសនឹងវិធានសុខាភិបាល ដែល នឹងបង្កជាហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩។

លោក ម៉េត មាសភក្តី បានឱ្យដឹងនៅសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ថា សម្រាប់ឆ្នាំនេះ មិនដូចឆ្នាំកន្លងមកទេ ដោយសារតែមានការឆ្លងជំងឺកូវីដ-១៩ មិនទាន់មានការថមថយ នៅ ឡើយ នៅក្នុងរាជធានីភ្នំពេញ។ ដូចនេះ អាជ្ញាធររាជធានីភ្នំពេញ មិនបានលើកទឹកចិត្ត ឱ្យពលរដ្ឋក្នុងរាជធានីភ្នំពេញ ធ្វើដំណើទៅស្រុកកំណើតទេ ហើយក៏មិនបានធ្វើការ ហាមឃាត់នោះដែរ។ ដោយសារតែមិនមានការលើកទឹកចិត្តនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ មិនមានគម្រោងក្នុងការបញ្ចេញរថយន្តក្រុងសាធារណៈ ឬក៏មិនមានវិធានការក្នុងការទប់ស្កាត់ការឡើងថ្លៃរថយន្តឈ្មួលសម្រាប់ដឹកជញ្ចូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត ដូចធ្លាប់បានធ្វើរៀងរាល់ឆ្នាំកន្លងមក។ ការនេះ ដោយសារតែមានការប្រមូលផ្តុំគ្នាក្នុងការជិះក្នុងរថយន្តក្រុង ដែលល្មើសនឹងវិធានរបស់ក្រសួងសុខាភិបាល និងមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស វីរុសប្រភេទថ្មី ឌែលតា។

គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ប្រព្រឹត្តិទៅពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោចខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ នៅតាមដងផ្លូវគេសង្កេតឃើញប្រជាពលរដ្ឋក៏ដូចជា កម្មករ-កម្មការិនីរោងចក្រ ចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតបណ្តើរៗហើយ ដើម្បីជួបជុំបងប្អូន មានអ្នកខ្លះតាមរយៈមធ្យោបាយម៉ូតូ និងរថយន្តក្រុង រថយន្តឈ្នួលផ្សេងៗរៀងៗខ្លួន។ ចំពោះសកម្មភាពជួបប្រមូលផ្តុំមនុស្សច្រើនចង្អៀតនេះ អាជ្ញាធរចាត់ទុកថា ជាការបង្កជាហានិភ័យឆ្លងរីរាលដាលជំងឺកូវីដ-១៩៕

 

មតិយោបល់