ព័ត៌មានជាតិ

​រដ្ឋាភិបាល​លីទុយអានី​កំពុង​ជំរុញ​ឱ្យ​អ្នកប្រើ​ទូរសព្ទ​ ឈប់​ប្រើ​ទូរស័ព្ទរបស់ចិន

ទូរសព្ទ​ពេញ​និយម​ផលិត​ដោយ​ប្រទេស​ចិន​បង្កប់​ឧបករណ៍​បិទ​ការស្វែង​រក​ (search) ​ពាក្យ​ខ្លះ​នៅ​លើ​គេហទំព័រ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​លីទុយអានី​ដែល​កំពុង​ជំរុញ​ឱ្យ​ម្ចាស់​ទូរសព្ទ​ ឈប់​ប្រើ​ទូរស័ព្ទ​ប្រភេទ​នេះ។​

ក្រសួង​ការពារ​ជាតិ​លីទុយអានី ​បាន​ធ្វើ​ការ​វិភាគ​ទូរសព្ទ​បី​ប្រភេទ​ដែល​កំពុង​ពេញនិយម​ ហើយ​ផលិត​នៅ​ប្រទេស​ចិន​ ដែល​នាពេល​បច្ចុប្បន្ន​នេះ​លក់​នៅ​ទ្វីប​អឺរ៉ុប ​គឺ​ទូរសព្ទ ​Xiaomi Mi 10T 5G ​ទូរសព្ទ ​ Huawei P40 5G និង​ទូរសព្ទ ​OnePlus 8T 5G។

ក្រសួង​ការពារ​ជាតិ​លីទុយអានី​ បាន​រាយ​ការណ៍​អំពី​ការ​រក​ឃើញ​ឧបករណ៍​នៅ​ក្នុង​ទូរសព្ទ​ ដែល​មិន​ឱ្យ​អ្នក​ប្រើ​អាច​ស្វែង​រក​ (search) ​ពាក្យ​មួយ​ចំនួន​រួមមាន​ Long live Taiwan’s independence ​មាន​ន័យថា​ «ជយោ​ឯករាជ្យភាព​តៃវ៉ាន់»​ ​Free Tibet «សេរីភាព​ទីបេ»​ Democratic Movement ​«ចលនា​ប្រជាធិបតេយ្យ»​ និង​ពាក្យ​ Voice of America «សំឡេង​អាមេរិក»។​

អនុ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លីទុយអានី​លោក​ Margiris Abukevicius ​បាន​ប្រាប់​វីអូអេ​ថា ​«គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ដែល​មាន​ឧបករណ៍​ចាប់​សញ្ញា​និង​បិទ​ពាក្យ​គន្លឹះ​ ដោយ​អាច​ច្រោះ​ ឬ​អាច​ត្រង់​ដើម្បី​បិទ​ការស្វែង​រក​នៅ​លើ​គេហទំព័រ»។

ក្រុមហ៊ុន​ Xiaomi ​

ទូរសព្ទ​របស់​ក្រុមហ៊ុន​ Xiaomi ​ពេញ​និយម​បំផុត​នៅ​ទ្វីប​អឺរ៉ុប។​ អ្នក​ស្រាវជ្រាវ​ជនជាតិ​លីទុយអានី​បាន​និយាយ​ថា​ មុខងារ​បញ្ជី​ខ្មៅ​ទូរស័ព្ទ​នេះ​ ត្រូវ​បាន​បិទ​នៅ​ទ្វីប​អឺរ៉ុប​ ប៉ុន្តែ​វា​អាច​ទទួល​បញ្ជា​ពី​ចម្ងាយ។​ បញ្ជីពាក្យ​ដែល​បិទ​ ត្រូវ​គេ​បញ្ចូល​បណ្តើរៗ។​ មាន​ពាក្យ ​ឬ​ឃ្លា​ចំនួន​ ៤៤៩​ នៅក្នុង​បញ្ជី​ខ្មៅ​នៅក្នុង​ខែ​មេសា​ ឆ្នាំ​២០២១។​ គិតត្រឹមខែ​កញ្ញា​តួលេខ​នេះ បាន​កើន​ឡើង​ដល់​១.៣៧៦។​

សេវាកម្ម​សន្តិសុខ​អាល្លឺម៉ង់​ ក៏​បាន​ចាប់​ផ្តើម​ពិនិត្យ​បច្ចេកទេស​លើ​ទូរសព្ទ ​Xiaomi ​ផង​ដែរ។ ​ក្រុមហ៊ុន ​Xiaomi ​មិន​បាន​ឆ្លើយតប​ទៅនឹង​សំណើ​របស់ ​VOA ​សុំការ​អត្ថាធិប្បាយ​ទេ។​ ក្រុមហ៊ុន​បាន​និយាយ​នៅ​សប្តាហ៍​នេះថា​ ខ្លួន​កំពុង​ចូលរួម​ជាមួយ​អ្នក​ជំនាញ​ឯករាជ្យ​ដើម្បី​វាយ​តម្លៃការ​រក​ឃើញ​នេះ។​

ក្រុមហ៊ុន ​Huawei

ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​លីទុយអានី​បាន​រក​ឃើញ​ថា ទូរសព្ទ​ Huawei P40 5G ​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​រួមទាំង​រយៈពេល​ដែល​ពួកគេ​ប្រើ​កម្មវិធី​ (apps) ​ហើយ​រក្សា​ទុក​នៅ​ប្រព័ន្ធម៉ាស៊ីន​មេ​នៅ​ខាង​ក្រៅ​សហភាព​អឺរ៉ុប​ ហួសពី​យុត្តាធិការ​ច្បាប់​របស់​សហភាព​អឺរ៉ុប។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ក្រុមហ៊ុន ​Huawei ​បាន​ប្រាប់​វីអូអេ​ថា ​«Huawei​ តែងតែ​ប្រកាន់​ខ្ជាប់នូវ​គោល​ការណ៍​សុចរិតភាព​ គោរព​តាម​ច្បាប់ ​និង​បទបញ្ជា​របស់​ប្រទេស​ និង​តំបន់​ដែល​ខ្លួន​ប្រតិបត្តិការ។​ ក្រុមហ៊ុន ​Huawei​ មាន​កំណត់ត្រា​សុវត្ថិភាព​អ៊ិនធឺណិត​ដ៏រឹងមាំ​នៅក្នុង​ប្រទេស​ និង​តំបន់​ជាង​១៧០ ​ហើយ​បាន​បម្រើ​អ្នក​ប្រើប្រាស់​ជាង​៣​ពាន់ ​លាន​នាក់។​ ទិន្នន័យមិន​ដែល​ដំណើរការ​នៅខាង​ក្រៅ​ឧបករណ៍​ Huawei​ ទេ»៕

មតិយោបល់