ព័ត៌មានជាតិ

ប្រជាជន​​ប្រេស៊ីលរាប់ម៉ឺន​ធ្វើ​បាតុកម្ម​​ទូទាំង​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ ឲ្យចុះចេញពីតំណែង

ក្នុង​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ​ ប្រជាជន​ប្រេស៊ីល​បាន​ចេញធ្វើ​បាតុកម្ម​ជា​ញឹកញាប់​ដើម្បីទាមទារ​ឲ្យ​មាន​ការ​ចោទប្រកាន់​ទម្លាក់​តំណែង​លោក​ប្រធានាធិបតីបុលសូណារ៉ូ​ ដោយសារ​តែ​គ្រប់គ្រង​ជំងឺកូវីដ​មិនបានល្អ​ និង​ជាប់​រឿងអាស្រូវ​​ពុក​រលួយ​ក្នុងការ​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​។ ប៉ុន្តែ​ ក្នុង​បាតុកម្មកាលពីថ្ងៃសៅរ៍​ម្សិលមិញ​ ប្រជាជនប្រេស៊ីល​ក៏បាន​ប្រឆាំង​ផង​ដែរ​ទៅនឹង​ការឡើងថ្លៃ​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ​ ក៏ដូចជា​បញ្ហា​គ្មាន​ការងារធ្វើ​របស់​ប្រជាជន​ដែល​កាន់​តែ​រីក​ធំឡើង។

ហ្វូងមនុស្ស​ជាច្រើន​បាន​ទៅជួបជុំ​ប្រមូល​ផ្តុំគ្នា​នៅទីក្រុង​សៅប៉ូឡូ​ ប្រាស៊ីលីយ៉ា​ និង​ទីក្រុង​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​យុទ្ធនាការថ្នាក់ជាតិ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ទម្លាក់​លោកបុលសូណារ៉ូ​ ពី​តំណែង​មេដឹកនាំ​ប្រទេស​។ យុទ្ធនាការនេះ​គាំទ្រដោយ​បក្ស​នយោបាយ​ឆ្វេង​និយម​និង​ក្រុមអង្គការសមាគម​ពលកម្ម​។

ក្នុង​ចំណោម​បញ្ហាជាច្រើន​ លោក​ប្រធានាធិបតី​បុលសូណារ៉ូ​ បាន​ទទួល​រងការ​រិះគន់​ខ្លាំង​ជាងគេ​ ចំពោះ​ការ​គ្រប់គ្រង​ជំងឺ​កូវីដ​មិនបានល្អ​ រហូត​បណ្តាល​អ្នក​ស្លាប់​ដោយសារ​កូវីដ​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូងមួយ​នេះមាន​ចំនួន​ដល់ជិត​ ៦០ ម៉ឺននាក់​។

នៅឯ​កន្លែង​ធ្វើបាតុកម្ម​ គេ​ឃើញ​មនុស្សជាច្រើន​កាន់​បដា​ប្រឆាំង​លោក​បុលសូណារ៉ូ​ និង​ស្រែក​ទាមទារ​ឲ្យលោកចុះចេញពី​តំណែង​ពីព្រោះតែ​ពួកគេ​លែង​អាច​ទ្រាំ​បាន​ទៅនឹង​របៀប​គ្រប់គ្រង​ប្រទេស​របស់​លោកប្រធានាធិបតីស្តាំនិយមរូបនេះទៀតហើយ​។ ក្រុម​បាតុករ​សង្ឃឹមថា​ការ​តស៊ូចេញផ្លូវធ្វើ​បាតុកម្ម​របស់ពួកគេ​ នៅទីបំផុតទៅនឹងអាច​ទៅដាក់​សម្ពាធ​លើ​សមាជិកសភាប្រេស៊ីល​ឲ្យចាប់ផ្តើម​ដំណើរ​ចោទេប្រកាន់​លោកបុលសូណារ៉ូ​។

គួរបញ្ជាក់ថា​រហូតមកទល់នឹងពេលនះ​ មានសំណើជាង​ ១០០ ត្រូវ​បាន​ដាក់ជូន​សភា​តំណាង​រាស្ត្រ​ប្រេស៊ីលដើម្បី​ផ្តើម​បើក​ដំណើរ​ការ​ចោទប្រកាន់​ប្រឆាំង ​និង​ឈាន​ដល់​ទម្លាក់​លោក​បុលសូណារ៉ូ ចេញពីតំណែង​ប្រធានាធិបតី​។ ក៏ប៉ុន្តែ​មេដឹកនាំសភា​លោក Arthur Lira ដែលជាសម្ព័ន្ធមិត្ត​របស់រដ្ឋាភិបាល​ប្រេស៊ីល​បច្ចុប្បន្ន​បាន​បដិសេធ​មិន​ទទួល​យក​សំណើនេះឡើយ​៕

 

មតិយោបល់